Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន០១គ្រួសារទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកបាណន់

ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក មៀត សឺនី អនុប្រធានគណៈកម្មាធិការអនុសាខា តំណាង លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកយាយ អ៊ុច ភៀង អាយុ៨៤ឆ្នាំ មានបន្ទុក០៥នាក់ ស្រី០៣នាក់ចំណុចជើងភ្នំ ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មូលហេតុដោយការមិនប្រុងប្រយ័ត្នដោយ ភ្លើងចង្ក្រានដាំបាយបក្បែជញ្ជាំងបានឆាបឆេះបណ្តាលអោយខូចខាផ្ទះទាំងស្រុក ។

ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ លោក មៀត សឺនី បានឱ្យដឹងថា «បន្ទាប់ពីបានដឹងពីហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ជាពិសេស ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងការសោកស្តាយ ក្តីអាណិតអាសូរជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានចាត់ឱ្យលោកនិងសហការី រួមជាមួយអ្នកស្ម័គ្រចិត្តចុះសួរសុខទុក្ខ និងនាំយកអំណោយជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា»។

ក្នុងឱកាសនោះដែរ លោក មៀត សឺនី អនុប្រធានគណៈកម្មាធិការអនុសាខា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ភ្លើងទៀន ធូប ចង្ក្រាន ហ្គាស់ ឱ្យបានត្រឹមត្រូវ ដោយសារថាគ្រោះអគ្គិភ័យនេះវាធ្វើឱ្យវិនាសទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។

ទន្ទឹមនឹងនេះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រោះថាយើងនៅមានឱកាសជាច្រើនដោយសារតែយើងកំពុងរស់នៅក្នុងសុខសន្តិភាព ហើយជាពិសេសត្រូវពង្រឹងលើកកម្ពស់ការថែរក្សាអនាម័យ បរិស្ថានរស់នៅជុំវិញខ្លួនឱ្យបានស្អាតល្អ បរិភោគទឹកឆ្អិន ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗដែលនាំឱ្យខាតបង់ពេលវេលា ខាតបង់ថវិកាចំណាយក្នុងគ្រួសារ។

សូមបញ្ជាក់ថា អំណោយរបស់អនុសាខាស្រុក បានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន ៖ អង្ករ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យូរ , ទឹកត្រី ១យូរ , ទឹកស៊ីវ ១យូរ ,មុង ១ ,ភួយ១ , សារុង២ ,ធុងទឹក២ ,កា ដងទឹក៣ និងថវិកា ៣១៥ ០០០ រៀលផងដែរ ។