Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក”

ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងដោយមានការចង្អុលបង្ហាញណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នផ្សេងៗទៀត ខេត្តបន្ទាយមានជ័យ បាននឹងកំពុងរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័នជាច្រើន ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងខិតខំបង្កើនផលិតភាពការងាររដ្ឋបាល និងការប្រើប្រាស់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែបានល្អប្រសើរជាងមុន ។

បន្ថែមលើកិច្ចខិតខំប្រឹងប្រែងខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់រំដាប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ គណបក្សនយោបាយ អង្គការមិនមានរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយច្បាប់ បទបញ្ញត្តិ ដែលញ៉ាំងឲ្យបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់ ។ ការរៀបចំប្រព្រឹត្តទៅបាន អាស្រ័យដោយសារប្រទេសជាតិមានស្ថេរភាពនយោបាយ មានសន្តិភាព សន្តិសុខ សុវត្ថិភាព ក្នុងសង្គមនិងមានការអភិវឌ្ឍ ទើបប្រទេសយើង បានរៀបចំការបោះឆ្នោតដោយរលូន និងទទួលបានលទ្ធផលល្អ ដូចយើងទទួលបានថ្មីៗកន្លងទៅនេះស្រាប់ ដែលមានការកោតសរសើរទាំងមតិជាតិ និងមតិអន្តរជាតិ ៕