Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសាលប្រជុំប្រជុំធំ សាលាខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់ បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទន: ទាំងការអភិវឌ្ឍខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ដោយឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបាន គឺ បង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការចូលរួមអនុវត្តន៍ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តធ្វើកំណែទម្រង់លើវិស័យជាច្រើន ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែង នៅមូលដ្ឋាន ដោយឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋភិបាល ក្នុងការលើកស្ទួយសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញ ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការផ្ទេរមុខងារ និងធនធានតាមរយៈ ការធ្វើប្រតិភូកម្មអំណាច ការប្រគល់ មុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា អោយខានតែបាន ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់ និងផុលផុស ហើយត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយកាន់តែប្រសើរឡើង និងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៕