Connect with us

ព័ត៌មានជាតិ

ដីព្រៃប្រមាណ ៤០ ហិកតានៅស្រុកភ្នំក្រវាញ​រងការ​កាប់​ទន្ទ្រាន​ ខណៈអាជ្ញាធរ និងមន្ដ្រី​ជំនាញ​បានត្រឹម​តែចុះពិនិត្យមើល

ពោធិ៍សាត់៖ អាជ្ញាធរ និងជំនាញបានត្រឹមតែកំពុងស្រាវជ្រាវ និង​សូមរូបពីអ្នកព័ត៌មាន ដើម្បីឱ្យមន្រ្តីចុះមើល ខណៈដីព្រៃក្បែរស្នាក់ការឧទ្សានជាតិជួរភ្នំក្រវាញកណ្តាល ប្រមាណជាង ៤០ ហិកតា ត្រូវបានកាប់រុក​ទន្ទ្រាន​ដោយ​គ្មានខ្លាច​ញញើត​ច្បាប់​បន្តិចណាសោះ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានបុគ្គលពីរនាក់​មានលុយមានអំណាច​បាន​កាប់រុកទន្ទ្រានដីព្រៃឧទ្យានទេសចរណ៍អូដា នៅចំណុចល្អាងម្នាស់ជាប់នឹងអូដា ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ តាំងពីខែ១១ឆ្នាំ២០២២ មក​ម៉្លេះ​ តាមរយៈជួលអោយគេចូលកាប់​ពេល​យប់ ​ហើយមកទល់ពេលនេះ​មិន​ដែលឃើញមន្ត្រី​បរិស្ថានដែល​មានស្នាក់ការ​នៅជិតនោះ​ចុះទៅទប់ស្កាត់ឡើយ។

បើតាមលោក សន ប៊ុនឈាង មេភូមិវាលវង់ នឹងលោកមេឃុំរកាត បានបង្ហើបថា ទីតាំង​ចំណុចខាងលើហ្នឹង ក្រោម​ការគ្រប់គ្រងរបស់បរិស្ថាន ហើយការកាប់ទន្ទ្រាននៅទីតាំងនោះ លោក​ក៏បានដឹងដែរ​ ហើយក៏ធ្លាប់បានរាយការណ៍ទៅ​អភិបាលស្រុក​ពេល​ប្រជុំ​គណៈប្រជាការ​ឯកភាពម្ដងៗ លោកតែងតែលើកសកម្មភាពទាំងនោះមកដែរ។

ដើម្បីកាន់តែច្បាប់​ភ្នាក់ងារ​ព័ត៌មាន​យើងបានធ្វើការទំនាក់ទំនង​តាមទូរសព្ទទៅលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ​លោកថា​ពាក់ព័ន្ធករណីខាងលើនេះ លោកក៏បានដឹងហើយ​លោកកំពុងតែវែករកបុគ្គលដែលរុកទន្ទ្រានដីព្រៃទាំងនោះមកចាត់ប្រធានការតាមផ្លូវច្បាប់ ។

ជុំវិញករណីខាងលើនេះ ខាងអង្គភាពសារព័ត៌មានយើងព្យាយាមទំនាក់ទំនង​ទៅលោក វុធ ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំប្រវាញកណ្ដាល ដែលប្រចាំការនៅទីនោះទាក់ទងមិនបានឡើយ។

លោក គង់ ពុទ្ធារ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់​ បានប្រាប់មក​អង្គភាពសារព័ត៌មានយើងថា សូមជួយបាញ់រូបភាព​នៅទីតាំងនោះឲ្យលោក នឹងចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើល។

ចំណែក​លោកឯកឧត្តម សាយ សុជាតិ ​អភិបាល​នៃគណៈអភិបាលរងខេត្តទទួល​ផ្នែកបរិស្ថាន​លោកថា ជុំវិញករណីខាងលើនេះ ​លោកមិនបានដឹងឡើយ​ចាំលោកទំនាក់ទំនង​ទៅ​ខាងមន្ត្រីរបស់លោកសិន៕