Connect with us

ព័ត៌មានជាតិ

ពេទ្យសត្វបន្ទាយមានជ័យ ចាប់ផលិតផលសត្វ ល្មើសច្បាប់ ជាង៧តោន ហើយសុំគោលការណ៍ដុតបំផ្លាញចោល

បន្ទាយមានជ័យ ៖ ផលិតផលសត្វ ល្មើសច្បាប់ ជាង៧តោន រួមនិងស៊ុតមាន់ ជាង៣ម៉ឺនគ្រាប់ ត្រូវបាន មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការបង្ក្រាបចាប់យក និងសុំគោលការណ៍ដុតកម្ទេចចោល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លើ២ករណីផ្សេងគ្នា ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងមន្ត្រីរបស់លោក សហការជាមួយក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារង លុយ លីហួរ នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឃាត់ចាប់បទល្មើសចំនួន ០២ករណី ដូចបានរៀបរាប់ជូនខាងក្រោម ៖

ករណីទី១ ៖ ឃាត់ចាប់រថយន្តក្រុង ០១គ្រឿង ម៉ាក HYUNDAI AERO SPACE ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 3A-9889 ដែលផ្ទុកស៊ុតមាន់សរុប ១២០ដុំ ស្មើនឹង ៣៦ ០០០ គ្រាប់ (១ដុំ=៣០០គ្រាប់) និងផលិតផលសាច់បង្កកសរុបទាំងអស់ ៥៣០គីឡូក្រាម (ដោយក្នុងនោះដាក់ក្នុងធុងស្នោចំនួន០៤ = ២០០គីឡូក្រាម និងកេះក្រដាស ចំនួន១៦កេះ =៣៣០គីឡូក្រាម) ដែលបាននាំចូលពីប្រទេសវៀតណាម ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វ ពីប្រទេសនាំចេញ នៅត្រង់ចំណុចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលអ្នកបើករថយន្តឈ្មោះ នៅ ផាន (ស៊ីឈ្នួលដឹក) មានទីតាំងស្ថិតក្នុងភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។  ចំពោះផលិតផលសាច់ជ្រូក មិនបានរក្សាទុកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាពមិនដល់ ១៨អង្សាសេ និងកន្លែងស្តុកទុកពុំមានអនាម័យ) ។

ករណីទី២ ៖ ឃាត់ចាប់រថយន្ត០១គ្រឿងទៀត ម៉ាក Ssangyong Istana ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខ កំពង់ចាម 2A-0180 ផ្ទុកប្រហិតចម្រុះ  ចំនួន៥៣៤៦គីឡូក្រាម និងសាច់សត្វមាន់ចំនួន ១៥៨០គីឡូក្រាម  ដែលនាំចូលផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់សត្វមាន់) ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ឆ្ពោះទៅលក់ចែកចាយដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ នៅត្រង់ចំណុចភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតភ្លើងស្តុប ។

ក្រោយដកហូតវត្ថុតាងខាងលើ មន្រ្តីជំនាញបានសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ដុតកម្ទេចចោលនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នាថ្ងៃខែឆ្នាំដដែល ៕