Connect with us

ព័ត៌មានជាតិ

ច្រៀងចប់មេជាងដែកដើរចេញក្រៅ ឱ្យកូនជាងចេញថ្លៃបន្ទប់ KTV ខឹងយកដុំឥដ្ឋគប់កញ្ចក់ឡានមេ​បន្ធូរកំហឹង

បន្ទាយមានជ័យ៖ ជនសង្ស័យជាកូនជាងដែកម្នាក់ យកដុំឥដ្ឋគប់កញ្ចក់ឡានមេជាង ព្រោះខឹងមេជាងឱ្យចេញថ្លៃបន្ទប់ខារ៉ាអូខេ ទាំងខ្លួនមិនមានលុយ ត្រូវបាន​កម្លាំងកងអន្តរាគមន៍​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១មិថុនា២០២៣។

លោកវរសេនីយ៍ត្រី ចាំង សុភ័ក្រ នាយការិយាល័យផែនការប្រតិបត្តិការ ចុះឃាត់ជនសង្ស័យម្នាក់​ពាក់ព័ន្ធករណី​ធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៣និង ៤០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ​នៅចំណុចខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ ​និងបង្ក្រាបបទល្មើស ​កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ កែវ ផានិត (ហៅខ្លឹង) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាង​ផ្សាដែក បច្ចុប្បន្នស្នាក់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន និងសួរនាំជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើ​សកម្មភាព​យក​ដុំឥដ្ឋ​ប្រហោង ​គប់ទៅលើកញ្ចក់រថយន្តម៉ាក តូយ៉ូតាព្រុស ​ពណ៌​ទឹកសមុទ្រ របស់មេជាងផ្សាដែក​របស់ខ្លួនពិតប្រាកដមែន ​ដោយសាររឿងមេជាងរបស់ខ្លួនឱ្យជួយចេញថ្លៃបន្ទប់ KTV ​ទាំង​ខ្លួនមិន​មានលុយ ហើយ​មេជាងបានដើរចេញទៅក្រៅ ​ពេលនោះខ្លួនក៏​មានចិត្តខឹង ក៏បានយក​ដុំឥដ្ឋ​គប់កញ្ចក់រថយន្តមេជាងនោះតែម្តង ​ហើយរូបខ្លួន​ក៏បានប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ​ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ បានឱ្យដឹងថា ​ការបង្ក្រាបករណី​ខាងលើនេះ ក៏​ទទួល​បាន​ការអនុញ្ញាត​ពី​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល​នីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕