Connect with us

ព័ត៌មានជាតិ

រថយន្ត LEXUS បុកក្មេងជិះកង់ពេញទំហឹង បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះកង់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តបុកពេញទំហឹង នៅវេលាម៉ោង១៧ និង៥នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ និងតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា  នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ឈ្មោះ ឆា នុន អាយុ៨ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានរថយន្តLEXUS RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាក ភ្នំពេញ 2R-4209 បើកបរដោយបុរសម្នាក់ឈ្មោះ ស្រូយ គឹមហ៊ីង អាយុ៣៧ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកក្នេងជិះកង់ពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែង ធ្វើការវាស់វែង ធ្វើកំណត់ហេតុប្រគល់សពអោយអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី