Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកិច្ចប្រជុំ សាមញ្ញលេីកទី៤៨ អាណត្តិទី៣

បន្ទាយមានជ័យ ៖ កិច្ចប្រជុំសាមញ្ញលើកទី៤៨  អាណត្តិទី៣  របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដំណើរការកាលពីព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៣  នៅសាលាខេត្តបន្ទាយមានជ័យ លើសេចក្ដីព្រៀងរបៀបវារៈចំនួន៦ ដែលត្រូវបានលើកយកមកពិនិត្យពិភាក្សា និងអនុម័ត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឃេីញថា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់និង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អ ពិសេសបានចូលរួមព្រឹត្តិការណ៍ធំៗ នាពេលកន្លងមក  មានបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យព្រះអគ្គីកីឡា ដែលប្រព្រឹត្តទៅដោយភាពរលូន ។ ចំពោះការងារគ្រោះមហន្តរាយ ខេត្តយេីង ជួបគ្រោះមហន្តរាយ បង្កឲ្យមានការខូចខាតផ្ទះសម្បែង ហើយកម្លាំងរបស់យើង ក៏បានចុះធ្វើការជួសជុលផ្ទះសម្បែង ជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និង រដ្ឋបាលខេត្តក៏ដូចជា កាកបាទក្រហម បាននាំយកនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទីទ័លក្រ ជួបបញ្ហាផ្នែកសុខភាព គ្មានទីពឹង បានទាន់ពេលវេលាផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា បញ្ហាការងារដោះស្រាយដីតំបន់២ តំបន់៣ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី រដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បាននិងកំពុងដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការយកចិត្តទុកដាក់ដោយបានទទួលជំទាស់ នឹងធ្វើប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋសរុប ចំនួន១០ភូមិ ក្នុងនោះស្រុកព្រះនេត្រព្រះចំនួន ៧ភូមិ នៅស្រុកមង្គលបូរី ចំនួន ៣ភូមិ ។

ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរ ដោយស្មោះចំពោះរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ទទួលខុសត្រូវចំពោះការងារភារៈកិច្ចរៀងខ្លួនទទួលបានភាពជោគជ័យ និងសូមឯកឧត្តម លោកជំទាវអស់លោក លោកស្រី បន្តបំពេញការងាររបស់ខ្លួនសាមគ្គី រួបរួមទៅដល់ប្រជាពលរដ្ឋយើងឲ្យបានល្អប្រសើរ ដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយអ្វីឡើយ ៕