Connect with us

ព័ត៌មានជាតិ

បង្រ្កាប និងដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង៨តោន លួចនាំចូលពីប្រទេសថៃ

បន្ទាយមានជ័យ ៖ ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និង ផលិតផលមានដើមកំណើតពីសត្វក្រសួង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានចុះឆែកឆេរទីតាំងស្តុបជាច្រើនកន្លែង ធ្វើការដកហូតដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះ ដែលលួចនាំចូលពីប្រទេសថៃ ជាង៨តោន ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និង ផលិតផលមានដើមកំណើតពីសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយ ក្រុមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ និងដឹកនាំផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការត្រួតពិនិត្យ និងដកហូតនូវផលិតផលសរុបទម្ងន់ ៨ ៥២០គីឡូក្រាម (សាច់មាន់ ៨៣០គីឡូក្រាម និងផលិតផលប្រហិតចម្រុះចំនួន ៧ ៦៩០គីឡូក្រាម) ពីចំណុចបន្ទប់ជួលចំនួន ០៤កន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខាងជើងផ្សារត្រី ។

លោកបន្តថា ដោយផ្អែកទៅលើច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ត្រង់មាត្រាទី១០៤ និងការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យរួចមក នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដដែល សមត្ថកិច្ចចម្រុះបានសម្រេចធ្វើការដុតកម្ទេចចោល ផលិតផលសាច់មាន់ និងប្រហិតចម្រុះខាងលើ នៅទីវាលដីឡូតិ៍ ០១កន្លែង ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តតាមវិធានបសុពេទ្យ ។

លោកបានឲ្យដឹងទៀតថា ដោយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចមន្ទីរកសិកម្មកម្លាំងអន្តរាគមន៍បង្រ្កាបចលនាសត្វនិងបន្តចុះទប់ស្កាត់ និងបង្រ្កាបនៅបទល្មើសនាំចូលសាច់សត្វ ឬផលិផលពីសត្វដែលលួចនាំចូលពីប្រទេសជិតខាង ដោយគ្មានច្បាប់អនុញាត និងមិនមានគុណភាព ៕