Connect with us

ព័ត៌មានជាតិ

ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១៩នាក់​ ត្រូវបានប្រកាសបន្ធូរបន្ថយទោស ពី៣ទៅ៦ខែ

បន្ទាយមានជ័យ​ ៖​ ទណ្ឌិតជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន​១៩នាក់​ ត្រូវបានប្រកាសបន្ធូរបន្ថយទោស ពី៣ទៅ៦ខែ  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ឆ្នាំ២០២៣ ។

ពិធីប្រកាសនេះប្រព្រឹត្តទៅនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យស្ថិតនៅភូមិទំនប់ជ្រៃ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលខេត្តបន្ទាយមានជ័យ​ស្តីទី​ លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង តំណាងឯកឧត្តម កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក​ឧត្តមអត្គានុរក្សថ្នាក់លេខ២​ អ៊ុង​ សុីផាន​ ប្រធានពន្ធនាគារខេត្ត​បន្ទាយមានជ័យ ។

លោក​ឧត្តមអត្គានុរក្សថ្នាក់លេខ២​ អ៊ុង​ សុីផាន​ បានឱ្យដឹងថា ពន្ធនាគារខេត្តបន្ទាយមានជ័យ​ បានអនុវត្តនូវ​តួនាទីភារកិច្ច​ ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់​នៅក្នុងពន្ធនាគារ​ ការងារកសិកម្ម​ សិប្បកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។​ ក្រៅពីនេះអង្គភាពក៏មានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់​ និងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ ។

ជាមួយគ្នានោះ លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលខេត្តបន្ទាយមានជ័យស្តីទី ក៏បានមានប្រសាសន៍ណែនាំ ដល់ទណ្ឌិតដែលត្រូវបានបន្ធូបន្ថយ​ ឬលេីកលែងទោស​ ពេលបានត្រលប់ទៅភូមិឋាន​ ស្រុកកំណេីតវិញ ត្រូវកែប្រែខ្លួន​ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម​ ជាពិសេសចំណេះជំនាញដែលទទួលបានពីការបង្ហាត់បង្រៀន​ សូមយកទៅបេីករបរដេីម្បីចិញ្ចឹមគ្រួសារ​ជាដេីម ។

សូមបញ្ជាក់ថា​ ការបន្ធូបន្ថយទោសដល់ទណ្ឌិតខាងលើ សរុបមានចំនួន១៩នាក់ ស្រី០ ក្នុងនោះបន្ធូរបន្ថយទោស ០៣ខែ ចំនួន១៧នាក់,​ បន្ធូរបន្ថយទោស ០៦​ខែ ចំនួន០២នាក់ ។ ដោយឡែក​ ទណ្ឌិតដែលកំពុងជាប់ឃុំនៅក្នុងពន្ធខេត្តបន្ទាយមានជ័យ​ បច្ចុប្បន្ន សរុបមានចំនួន​ ១៦០២​/ស្រី៨៣នាក់ ៕