Connect with us

ព័ត៌មានជាតិ

លោកជំទាវបាន ស្រីមុំ ៖ កម្លាំងប្រដាប់អាវុធទាំងបី ត្រូវសហការគ្នា ការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ស្តីពី ការត្រៀមរៀបចំផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោត និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នសហការគ្នាក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុង ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត ។

លោកជំទាវបានលើកឡើងទៀតថា ការរក្សាបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងការបើកយុទ្ធនាការ ឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ គឺជា រឿងសំខាន់បំផុត។ ដូចនេះ ដើម្បីឱ្យ ការរៀបចំធ្វើ ឡើងទៅបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្ថាប័នជំនាញ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ ត្រូវ សហការគ្នាឱ្យបានល្អ ដោយត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវ សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូន គណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ទទួលបាន នូវលទ្ធផលនៃការបោះឆ្នោត តាម បែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

ជាមួយគ្នានោះលោកជំទាវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញ ការងារតាមតួនាទី ភារកិច្ចទទួល បាន លទ្ធផលល្អ ។ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រម ទាំងបានកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។

ដើម្បីអោយកាន់តែល្អប្រសើរសូម មន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រឹងប្រែង បន្ថែមទៀតក្នុងការ ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជា បម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ៕