Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល

បាត់ដំបង ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។

ប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកបវេលទាំងអស់ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទៀត ។

គុណបំណាច់ដ៏ធំធេងនៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនទាំងអស់ក្នុងស្រុកបវេលដែលបានតស៊ូធ្វើពលិកម្មគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេល ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

បន្ថែមពីនេះ សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ហើយសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ៕
ដោយ ៖ សាលី