Connect with us

ព័ត៌មានជាតិ

ប្រជាកសិករ សុំអោយអាជ្ញាធរស្រុក ជួយអន្តរាគមន៍បើកផ្លូវ និងប្រឡាយទឹក ដើម្បីអោយពួកគាត់បានធ្វើស្រែចិញ្ចឹមជីវិត

បាត់ដំបង ៖ ប្រជាកសិកររស់នៅក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានទទូចសុំអោយអាជ្ញាធរស្រុក ក៏ដូចជាអភិបាលខេត្ត ជួយអន្តរាគមន៍បើកផ្លូវ និងកាយប្រឡាយទឹកឡើងវិញក្រោយមានបុគ្គលជាម្ចាស់ក្បាលដី ចាក់លុបប្រឡាយធ្វើអោយស្រូវស្កក និងបិទផ្លូវលំ មិនអោយពួកគាត់បានប្រើប្រាស់ ។

លោក រិទ្ធិ ឌីប៉ូ និងលោកស្រី ម៉ែត្រ ម៉ឺយ ដែលជាប្រជាកសិករធ្វើស្រែ នៅចំណុចភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបញ្ជាក់អោយក្រុមអ្នកយកព័ត៌មានយើងដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះថា រយៈពេលកន្លងមក ពួកគាត់និងម្ចាស់ជាប់ក្បាលដី មានការឈ្លោះប្រកែកគ្នារឿងបូមទឹកប្រឡាយបញ្ចូលស្រែ ហើយក្រោយមក បុគ្គលម្ចាស់ស្រែនោះបានអោយម្ចាស់ស្រែខាងក្បាលដីចាក់លុបប្រឡាយ ដែលបានស្រុះស្រួលគ្នាកាយតាំងពីឆ្នាំ២០១៨មក ធ្វើអោយស្រូវពួកគាត់ស្កក ហើយសូម្បីតែផ្លូវលំ ក៏គេបិទមិនអោយពួកគាត់ប្រើប្រាស់ដែរ  ដូច្នេះពួកគាត់ទទូចសុំអោយលោកអភិបាលស្រុក ក៏ដូចជាឯកឧត្តអភិបាលខេត្ត ជួយអន្តរាគមន៍ បើកផ្លូវ និងកាយប្រឡាយផ្លូវទឹកឡើងវិញផង ព្រោះកន្លងមកខាងអាជ្ញាធរឃុំ លោក ប៊ុន ហ៊ុន ក៏ដូចជាលោកអភិបាលស្រុកបានចុះមកដែរ ប៉ុន្តែដោះស្រាយមិនដាច់ ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាកសិករខាងលើ លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានបញ្ជាក់អោយអ្នកយកព័ត៌មានយើងបានដឹងនៅរសៀលថ្ងៃជាមួយគ្នាថា រយៈពេលកន្លងមកប្រជាពលរដ្ឋទាំងអស់ខាងលើ មានដីស្រែជាប់ៗគ្នា ហើយជំនាន់នោះអត់មានផ្លូវចូល ប្រជាពលរដ្ឋក៏បានឯកភាពគ្នា ទុកផ្លូវរ៉បព្រុំវត្តប្រហែល ៦ម៉ែត្រ ហើយក្រោយពីទុកផ្លូវ ចៃដន្យអីជំនាន់និងអត់មានទឹកធ្វើស្រែ ប្រជាពលរដ្ឋប៉ុន្មានគ្រួសារនោះ ក៏បានឯកភាពគ្នាកាយទៅជាប្រឡាយវិញដើម្បីយកទឹកចេញពីប្រឡាយចិន  ហើយក្នុងពេលកាយប្រឡាយនឹង បុគ្គលពីរនាក់ឈ្មោះ ឌឿ រ៉ាត់ និង រិទ្ធិ ឌីប៉ូ ឯកភាពគ្នាទុកជាប្រឡាយ ចំណែកបុគ្គល វ័រ សម្ភស្ស (ម្ចាស់ក្បាលដី) អត់ដឹងរឿងទេ ហើយអត់បានឯកភាពទុកផ្លូវទេ ប៉ុន្តែកាយចេញជាប្រឡាយហើយតែមិនបានសុំ វ័រ សម្ភស្ស ទេ ហើយនៅក្នុងប្លង់ ឈ្មោះ វ័រ សម្ភស្ស ក៏អត់បានដាក់ជាផ្លូវ ឬ ប្រឡាយដែរ តែប្លង់ផ្សេងៗ ដាក់ទល់និងផ្លូវ៦ម៉ែត្រ ។

លោកអភិបាលស្រុកបន្តថា ក្រោយពីមានបញ្ហាទំនាស់ លោកបានធ្វើការសម្របសម្រួលដោះស្រាយហើយ ដែលទំនាស់នេះកើតឡើងដោយសារប្រជាពលរដ្ឋទាំងអស់នោះ គាត់ចោទ រិទ្ធិ ឌីប៉ូ ថាមិនអោយគាត់ប្រើប្រាស់ទឹកប្រឡាយ និងដោយបូមយកម្នាក់ឯង   អញ្ចឹងប្រជាពលរដ្ឋច្រើននៅក្នុងតំបន់ និងសុំធ្វើការបិទប្រឡាយ និងជិតឡើងវិញអត់អោយប្រើប្រាស់ ហើយក្រោយមកបានប្រគល់ដីប្រឡាយទំនាស់អោយទៅវត្ត ហើយខាងវត្ត ក៏លូកដៃចូលក្នុងរឿងនិង  ប៉ុន្តែលោក(អភិបាលស្រុក) ពិនិត្យឃើញថា ដីនឹងទល់ផ្លូវលោក ក៏បានដោះស្រាយទុកជាផ្លូវវិញទាំងអស់ ប៉ុន្តែឈ្មោះ រិទ្ធិ ឌីប៉ូ ខាងនេះក៏ឈ្លោះជាមួយគេ ខាងនោះក៏ឈ្លោះជាមួយគេ ទើបម្ចាស់ក្បាលដីធ្វើរបងបិទផ្លូវ ព្រោះជាដីកម្មសិទ្ធិរបស់គេ អត់មានទល់ផ្លូវទេ ប៉ុន្តែទោះបីយ៉ាងណាលោក នឹងព្យាយាមដោះតាមលទ្ធភាព ៕

ដោយ ៖ សាលី