Connect with us

សេដ្ឋកិច្ច និង កសិកម្ម

ត្រីមាសដំបូងឆ្នាំនេះ ការនាំចេញផលិតផលកាត់ដេរ កើនឡើងជាង ៦២៧ លានដុល្លារ ស្មើនឹង ២៤.៨ភាគរយ

ភ្នំពេញ៖ ក្នុងត្រីមាសដំបូងឆ្នាំ២០២២នេះ ការនាំចេញផលិតផលកាត់ដេរ មានចំនួនទឹកប្រាក់ប្រមាណជាង ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងជាង ៦២៧ លានដុល្លារ ស្មើនឹង ២៤.% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​តួរលេខ​បាន​ឲ្យដឹងថា ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​ការពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះទំហំនៃការនាំ​ចេញ​ផលិតផលកាត់ដេរ ស្បែកជើង​ និងផលិផលការបូប គិតជាទឹកប្រាក់សរុប​ មានចំនួន ៣ ១៥៥ លានដុល្លារអាមេរិក​ ដោយបានកើនឡើង​ប្រមាណជាង ​៦២៧ ​លានដុល្លារអាមេរិក បើប្រៀបធៀប​ទៅ​រយៈពេលដូចគ្នាក្នុងឆ្នាំ ​២០២១ ​ចំនួននេះ​បានកើនឡើងជិត ២៥%

ជុំវិញការនាំចេញផលិតផលកាត់ដេរ, លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោង​ចក្រកាត់​ដេរនៅកម្ពុជា GMAC លើកឡើងឲ្យដឹងថា ​នៅក្នុងរយៈពេលកន្លងមកនេះ ការបញ្ជាទិញពីទីផ្សារ​ខាង​ក្រៅ ​បានកើនឡើងគួរជាទីកត់សម្គាល់ ​ក្នុងនោះទីផ្សារ​ដែលលេចធ្លោជាងគេ គឺការនាំចេញនាំ​ទៅ​កាន់ទីផ្សារអាមេរិក​ ។ ទាក់ទងនឹងការនាំចេញនេះដែរ ​លោក បានរំពឹងថា ការនាំចេញ​ផលិតផល​កាត់ដេរ ​នឹង​មាន​និន្នាការ​បន្តល្អប្រសើរ​រហូត​ដល់ដំណាច់ឆ្នាំ។

លោក បានបន្តថា បន្ទាប់ពីស្ថានភាពនៃការរីល​រាលដាល​ជំងឺ​កូវីដ ១៩ ​នៅកម្ពុជា មាន​ស្ថិរភាពល្អ​ជាបណ្តើរៗ នឹង​ស្របពេល​កម្ពុជា​ទទួល​បាន​ទទួលបានក្រុមហ៊ុន​វិនិយោគលើវិស័យកាត់ដេរជា​បន្តបន្ទាប់ ​ក្នុងនោះសម្រាប់ការផលិត​នៅទីផ្សារក្នុងស្រុក អាចឆ្លើយតបទៅនិងតម្រូវការ​នាំចេញ​បាន ​តែទោះបីយ៉ាងណា យើងបានជួបបញ្ហាបន្តិចបន្តួច ​ក្នុងការរើសកម្មករថែម ជាពិសេសសម្រាប់​តំបន់ភ្នំពេញ​ជាដើម។

ចំណែកលោកឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ថ្លែងថា ស្របពេលដែលរាជ​រដ្ឋាភិបាល​បានដាក់ចេញច្បាប់ស្តីពីគារវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា​ នឹងថ្មីៗនេះ រាជ​រដ្ឋាភិបាលបាននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ​ ផលិតស្បែកជើង និងកាបូបកម្ពុជាបន្ថែម​ទៀត​នោះ, ដែលផែនការសកម្មភាពទាំងអស់នេះ ​គឺជាផែនទីបង្ហាញផ្លូវ សម្រាប់ជម្រុញអភិវឌ្ឍន៍​លើក​វិស័យកាត់ដេរ ​ស្បែកជើង ​និងកាបូបនៅកម្ពុជា ដែលវិស័យនេះ​បានផ្តល់អត្ថប្រយោជន៍យ៉ា​ង​សំខាន់ ​សម្រាប់វិស័យការងារ​ និងកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា​ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ​ផលិតស្បែកជើង ​និងកាបូបកម្ពុជា២០២២២០២៧​ មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ, ​ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅ​ជា​ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់,​ មានតម្លៃបន្ថែមខ្ពស់,​​ ផ្តោតលើផលិតផល​ដែល​លក់បានថ្លៃ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច​នៅ​ឆ្នាំ២០២៧៕