Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះ ចុះរុះរើខ្ទម រោង ដែលកាន់កាប់ដីរដ្ឋ មានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅស្រុកសំឡូត

បាត់ដំបង ៖ នៅថ្ងៃទី២៨  ខែមិថុនាឆ្នាំ២០២៣នេះ លោក សឿម ប៊ុនរិទ្ឋិ អភិបាលរង តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាល ធ្វើការរុះរើសំណង់ខ្ទម រោង ដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ឋិ បានបញ្ជាក់ថា កម្លាំងដែលចូលរួមនាថ្ងៃនេះ មានសមត្ថកិច្ចថ្នាក់ខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង  នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យនិងមន្ត្រីសាលាខេត្ត មន្ត្រីជំនាញ និងលោកអភិបាលរងស្រុក កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត  និងដោយមានការចូលរួមសហការពីលោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដែលសរុបចំនួន ១៥៩នាក់ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលពួកមេខ្លោង ០៦នាក់ បានដឹកនាំគៀងគរបំផុសបំផុលប្រជាពលរដ្ឋមកពីកន្លែងផ្សេងៗ មានខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ ស្រុកគាស់ក្រឡ  ស្រុកបវេល  ស្រុកបាណន់ និងស្រុកសំឡូតក្នុងខេត្តបាត់ដំបង ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅភូមិអូរតាទៀក  ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ជាមួយការអនុវត្តវិធានការក្តៅនាថ្ងៃនេះដែរ បងប្អូនប្រជាពលរដ្ឋបានទទួលស្គាល់ថា ពួកគាត់ពិតជាបានចាញ់បោកពួកមេក្លោងទាំង ០៦នាក់ ដែលទៅចាត់ចែងបែងចែកដីរដ្ឋយកមកលក់ឱ្យពួកគាត់អស់ទាំងលុយ និងខាតទាំងកម្លាំង ពេលវេលា ហើយព្រមចាកចេញតាមការណែនាំរបស់ក្រុមការងារខេត្តផងដែរ ៕
ដោយ ៖ សាលី