Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៥២៣គ្រួសារ ទទួលអំណោយកាកបាទក្រហមកម្ពុជា

បាត់ដំបង ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដបាត់ដំបង និងសហការី បានសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនបងប្អូនអ្នករត់ម៉ូតូឌុបកម្មករ និងអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាត ចំនួន៥២៣គ្រួសារ ក្នុងក្រុងបាត់ដំបង ។

ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀង អាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត ។

ឯកឧត្តមប្រធាន ក៏បានអំពាវនាវផងដែរដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើងនិងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ចែកជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ  និងថវិកា២ម៉ឺនរៀលផងដែរ ៕
ដោយ ៖ សាលី