Connect with us

ព័ត៌មានជាតិ

សមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ខេត្តបន្ទាយមានជ័យ​ ជិត២ម៉ឺននាក់​ ចូលរួមដង្ហែរបេីកយុទ្ធនាការឃោសនារកសម្លេងឆ្នោត​​

បន្ទាយមានជ័យ​ ៖​ ថ្ងៃដំបូងទី១​ ខែកក្កដា​ ឆ្នាំ២០២៣​ នៃការបើកយុទ្ធនាការ​ ឃោសនារកសម្លេងឆ្នោត​ ជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាល​ទី៧​ ឆ្នាំ​២០២៣​ សមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជាប្រមាណជិត២ម៉ឺននាក់​ នៅក្នុងខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយលោក​ ឧបកនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានដង្ហែក្បួនឃោសនារកសម្លេងឆ្នោតយ៉ាងគគ្រឹកគគ្រេង ។

លោក​ឧបកនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន បានថ្លែងទៅកាន់សមាជិកក៏ដូចជាពលរដ្ឋថា​ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្រោយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជាតិបានរស់រាន មានជីវិតឡើងវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ​ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម​ គណបក្សប្រជាជនកម្ពុជា​ បានការពារការរស់ឡើងវិញរបស់ប្រជាជន ដោយទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះអាចវិលត្រឡប់មកវិញបានឡេីយ ។

ជាពិសេស ក្រោយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ គណបក្សប្រជាជនកម្ពុជា​ ក្រោយមការដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បង្កើតបានសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក តាមរយៈការអនុវត្ត នយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យ ដែលបានធ្វើឱ្យអង្គការចាត់តាំង របស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យទាំងខាងនយោបាយ និងយោធាត្រូវ រលំរលាយទាំងស្រុង។

លោក​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានអំពាវនាវដល់សមាជិក-សមាជិកា​ ប្រជានជនកម្ពុជា​ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងទី១៨​ នៅក្នុងសន្លឹកឆ្នោត ពិសេសគាំទ្របេក្ខភាពលោក​ បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន​នាពេលអនាគតនិងដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ៕