Connect with us

ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ប៉ះគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី បីនាក់របួសធ្ងន់ស្រាល

បាត់ដំបង ៖ មនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរកើតឡើងរវាងម៉ូតូពីរគ្រឿង ប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AG-3956 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AO-8611 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅស្របគ្នា និងបានឡើងវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នក៏បានបុកម៉ូតូខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំងបីនាក់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចនគរបាលជំនាញ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី