Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ផាន់ ចាន់ធុល ៖ រាជរដ្ឋាភិបាល សម្រេចកែលម្អ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងលើកគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឆ្លងកាត់បទពិសោធន៍អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្រេចកែលម្អលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ព្រមទាំងលើកកម្រិតគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង លើកទឹកចិត្តឲ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ដោយប្រើមធ្យោបាយសរុបទាំងវិស័យសាធារណៈ និងវិស័យឯកជន ។

ការលើកឡើងខាងលើ ក្នុងឱកាសដែលឯកឧត្តមអញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប្រចាំត្រីមាសទី២ និងទិសដៅអនុវត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ។

គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរួមមាន: ១.ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត ២.គ្មានបទល្មើសលួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ៣.មានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង ៥.ការដោះស្រាយវិវាទនៅមូលដ្ឋានក្រោមប្រព័ន្ធតុលាការ ៦.មានអនាម័យ មានសោភ័ណភាពល្អនិងមានបរិស្ថានស្អាត ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរកជំងឺឆ្លងទៀតបាទកាចសាហាវប្រកបដោយប្រសិទ្ធភាព ។

លោក  អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពី សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមទាំងផ្ទៃក្នុងខេត្ត និងតាមតំបន់ព្រំដែនជាទូទៅមានលក្ខណៈល្អប្រសើរ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធបានយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម។ លើការងារសន្តិសុខព្រំដែន ខេត្តរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ពិសេសការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែនកម្ពុជា ថៃ តាមរយៈការជួបប្រជុំពិភាក្សាដើម្បីផ្លាស់ប្ដូរព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយរដ្ឋបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ ៕