Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ស្ថាបនាបើកផ្លូវជូនប្រជាពលរដ្ឋមួយខ្សែ នៅភូមិកំពង់ចម្លងក្រោម និងសុំចូលរួមថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង

ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តប៉ៃលិន កាលពីដើមសប្តាហ៍នេះ បានអញ្ចើញពិនិត្យមើលការស្ថាបនាបើកផ្លូវ ប្រវែងជាង២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរចេញចូល នៅភូមិកំពង់ចម្លង ក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពួកគាត់ជួបការលំបាក ជាច្រើនឆ្នាំមកហើយ ។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនគ្រប់វិស័យ តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវស្ថិរភាពសង្គម សុខសន្តិភាព និងអធិបតេយ្យជាតិជាដើម ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍ឱ្យដឹងថា ការបើកផ្លូវ ១ខ្សែនេះ គឺដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះឱ្យបានឆាប់រហ័ស ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ។

សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួល ភូមិកំពង់ចម្លងក្រោម នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ១.១១២ នាក់ ស្មើនឹង ២១៨គ្រួសារ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល ៕