Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង

បាត់ដំបង ៖ នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស ព្រមទាំងប្រជាពលរដ្ឋស្រុកទាំង៣ដែលមានភក្ដីភាពជឿជាក់គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញមកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាឱកាសនេះយ៉ាងមហោឡារិក ។

ជាមួយគ្នានោះផងដែរ សម្ដេច បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ ។

ជាមួយគ្នានោះដែរ សម្ដេចបានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំងបី និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានបើក និងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទាំងនៅមណ្ឌលខេត្តបាត់ដំបង និងមណ្ឌលខេត្តព្រៃវែង ហើយសម្ដេចក្រឡាហោមបានឈរឈ្មោះជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង តាំងពីឆ្នាំ១៩៩៣ នាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាឆ្នាំ២០២៣នេះ ៕
ដោយ ៖ សាលី