Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមប័ក្សពួកគ្នា០៤នាក់ ពាក់ព័ន្ធករណីលួចកាត់ឈើអ្នកស្រុក

បាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០​២៣ នៅចំណុចក្រុមទី០៥ ភូមិឈើទាល ឃុំសិរីមាន​ជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡេង ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឈើ​ទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់​ដំ​បង ពាក់ព័ន្ធករណី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកម៉ាស៊ីនយន្ត លួចកាត់យកឈើមូលចំនួន០១កំណាត់ ប្រវែងប្រហែល២០០សង់ទីម៉ែត្រ ទំហ៊ុំប្រមាណ៥០សង់ទីម៉ែត្រយកទៅបាត់ ។

ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ រួមជាមួយជនរងគ្រោះ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយ០២នាក់ ដែលម្នាក់ឈ្មោះ វែង នូច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  និងម្នាក់ទៀត-ឈ្មោះ រី សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមាន ៖ ម៉ូតូម៉ាកMSX ពណ៌ក្រហមខ្មៅ ចំនួន០១គ្រឿង, រទេះអូសចំនួន០១, ម៉ាស៊ីនយន្តអារឈើរចំនួន ០១គ្រឿង, ស្នប់សប់ចំនួន០១  -ពិលចំនួន០២, ឈើរចំនួន០១កំណាត់ធំនៅលេីរទេះស្រាប់ ។

តាមការសាសួរស្រាវជ្រាវ ជនសង័្សយបានឆ្លើយសារភាពថា តាមពិតបក្ខពួកខ្លួនសរុបមានគ្នាចំនួន ០៤នាក់ ក្នុងការរៀបចំគំរោងលួចយកដើមឈើរបស់អ្នកដទៃនេះ​ ប៉ុន្តែខណៈនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ចំនួន០២នាក់ហើយ​ ប៉ះចំសុទ្ធតែ​ (មេធីម​ Teams) ឯបក្សពួក​០២​នាក់ទៀតជា(កូនធីម​ Teams) កំពុងគេចខ្លួនដែលសមត្ថកិច្ចអាចស្គាល់អត្តសញ្ញាណបាន ហើយនិងជឿជាក់ថាមិនយូរទេ (ធីមTe​a​ms)មួយនេះនឹងត្រូវបិទបញ្ចប់ក្រោយឃាត់ខ្លួនបានទាំងអស់គ្នា ។

ក្រោយឃាត់ខ្លួន រហូតពេលនេះសមត្ថកិច្ចនគរបាលរៀបចំកសាងសំ​ណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី