Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូឡើងវ៉ាជែង មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តច្នៃពេញទំហឹង បណ្តាលអោយបាក់កស្លាប់ភ្លាមៗ

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តច្នៃមួយគ្រឿង នៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចបង្គោលគីឡូលេខ ២៧១-២០០ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តច្នៃដឹកសម្ភារពណ៌ខ្មៅលាយលឿង មួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ឈ្មោះ ដាស់ ឌឿប អាយុ២២ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ និងអ្នករួមដំណើរពីរនាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបន្ទាយមានជ័យ 1J-7186 បើកបរដោយបុរសម្នាក់ឈ្មោះ ធួក ថឹង អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ក្នុងទិសដៅពីត្បូងទៅជើង និងបានឡើងវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុករថយន្តច្នៃពេញទំហឹងបណ្តាលអោយបាក់កស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី