Connect with us

ព័ត៌មានជាតិ

ដុតបំផ្លាញគ្រឿងញៀនជិត ៤០គីឡូក្រាមក្រាម តាមអំណាចសាលក្រម តុលាការ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីលាន អាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងខេត្តបាត់ដំបង បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនថ្នាំញៀន ពង្រឹងការងារអប់រំបង្ការ” ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាល អភិបាលរងខេត្ត ឯកឧត្តម អគ្គព្រះរាជអាជ្ញា ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទបានចូលរួមផងដែរ ។

ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនាពេលនេះ គឺជា ប្រភេទគ្រឿងញៀនដែលបានរឹបអូសតាមរយៈសាលក្រមស្ថាពររបស់សាលាដំបូងទាំង២ខេត្តរួមមាន ៖ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដែលគ្រឿងញៀនសរុបមាន ៖ ១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣៩,០៧២.៥៤ (សាមសិបប្រាំបួនពាន់សូន្យរយចិតសិបពីរ កណ្ដក់សញ្ញាហាសិបបួន)ក្រាម, ២-គ្រឿងញៀនប្រភេទម្សៅក្រាម (កេតាមីន) ចំនួន ១៦៦.៥៧ (មួយរយហុកសិបប្រាំមួយកណ្តក់សញ្ញាហាសិបប្រាំពីរ) ក្រោម, ៣-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ២,២៨៤ (ពីរពាន់ពីររយប៉ែតសិបបួន)គ្រាប់ ស្មើនឹងទម្ងន់ ៣១៣.៦១ (បីរយដប់បី កណ្ដក់សញ្ញា ហុកសិបមួយ)ក្រាម, ៤-គ្រឿងញៀនប្រភេទអុិចស្តាស៊ី ចំនួន ៣៤៨ (បីរយសែសិបប្រាំបី)គ្រាប់ ( ស្មើនឹងទម្ងន់ ១២១.៣ (មួយរយម្ភៃមួយ កណ្តក់សញ្ញា បី)ក្រាម, ៥-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (ហ្វាយ) ចំនួន ១៤ (ដប់បួន)គ្រាប់ ស្មើនឹងទម្ងន់ ៣.៨១ (បីកណ្ដក់សញ្ញា ប៉ែតសិបមួយ)ក្រាម, ៦-ឧបករណ៍ និងសម្ភារៈសម្រាប់ផលិត ការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដែលគ្រឿងញៀនសរុបទាំងប្រាំប្រភេទខាងលើមានទម្ងន់ ៣៩,៦៧៧,៨៣ (សាមសិបប្រាំបួនពាន់ប្រាំមួយរយចិតសិបប្រាំពីរ កណ្តក់សញ្ញាប៉ែតសិបបីក្រាម ។

ជាមួយគ្មានេះ បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(២៦-មិថុនា-២០២៣)រួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការកោតសរសើរទៅដល់កងកម្លាំងនិងជំនាញពាក់ព័ន្ធទាំងអស់ដែលខិតខំជួយបង្ក្រាបបានជាបន្តបន្ទាប់  ហើយក៏សូមអំពាវនាវអោយបងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំណាដែលយើងយល់ថាអាចដឹកនាំយើងបានសុខសន្តិភាពយូរអង្វែងតទៅទៀត ៕
ដោយ ៖ សាលី