Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ៖ អាជ្ញារធរមូលដ្ឋាន មន្ទីរជំនាញ ត្រូវដោះ ស្រាយបញ្ហាជូនពលរដ្ឋ ឱ្យបានទាន់ពេល ដោយគ្មានការរើសអើង និងបក្សពួកនិយម

ប៉ៃលិន ៖ លើកឡើងក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនលើកទី៤៩ អាណត្តិទី៣ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តនៅសាលប្រជុំធំសាលាខេត្តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញឲ្យអាជ្ញារធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានទាន់ពេលដោយមិនរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈចំនួន៤រួមមាន ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែមិថុនា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-របាយការណ៍វឌ្ឍនភាព ឆមាសទី១ ឆ្នាំ២០២៣ របសមន្ទីរអង្គភាពជុំវិញខេត្ត និង ៤-បញ្ហាផ្សេងៗ ។

បន្ថែមពីការលើកឡើងខាងលើលោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ និង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវ ដោះ ស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមាន ទំនួល ខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូម ប្រញាប់ រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។
លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់អង្គភាពស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធ្វើការពង្រាយកម្លាំង ឱ្យអស់ លទ្ធភាព ដោយបញ្ជូនទៅដល់ក្រុង/ស្រុក ឃុំ/សង្កាត់ និងប្រមូលកម្លាំងប្រជាការពារជួយក្នុងប្រតិបត្តិការណ៍នេះផងដែរ ជាពិសេសកម្លាំងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅ នៃក្រុង ស្រុក ឃុំ/សង្កាត់ និងកម្លំាងនគរបាលការពារ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានកោតសរសើរដល់ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់ បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀបចំសោភ័ណ្ឌ ភាព ខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមាន ការស្ងើចសសើរមិន ដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅ លើ កិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាព ដែលយើង ទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវ សមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕