Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធអគារសិក្សាថ្មី ៣ខ្នង នៅស្រុកឯកភ្នំ និងស្រុកបាណន់

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ៣ខ្នង នៅស្រុកពីរផ្សេងគ្នា ដែលក្នុងនោះអគារអនុវិទ្យាល័យព្រែកនរិន្ទ ចំនួន០១ខ្នង កំពស់០២ជាន់ ស្មើ១២បន្ទប់ ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងអគារសាលាបឋមសិក្សាឈើទាល ០២ខ្នង ស្នើ១២បន្ទប់ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ជាប្រធាន និងលោក ងូ ហេងជុំ ជាសប្បុរសជន និងស្រុកបាណន់ ដែលមានឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលរួមចំណែកបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀតដើម្បីអភិវឌ្ឍមូលដ្ឋានស្រុករបស់ខ្លួន ។

សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ។

សម្ដេចបន្ថែមថា ព្រោះហេតុដូច្នេះហើយ ទើបក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ និងដឹកនាំប្រទេស សម្រេចបានជោគជ័យដ៏ធំធេង បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិនិងប្រជាជន ។

ផ្អែកលើមូលដ្ឋាននៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គពិធីអំពីស្នាដៃរបស់រាជដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដូចជាការថែរក្សាសុខសន្តិភាព និងការពាររាល់សមិទ្ធផលជាតិ, ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពកម្មករនិយោជិត, និងការអនុវត្តនយោបាយការបរទេសជាដើម ។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ខិតខំធ្វើអំពើល្អក្នុងសង្គម រួមគ្នាពង្រឹងយុត្តិធម៌សង្គម ខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើរ សំណូមពរ សេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមអត្តសញ្ញាប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕
ដោយ ៖ សាលី