Connect with us

ព័ត៌មានជាតិ

ពលរដ្ឋឃុំសាលាក្រៅ ប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋាន

ប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសាលាក្រៅ ខេត្តប៉ៃលិន បានប្តេជ្ញាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍនៅមូលដ្ឋានបន្ថែមទៀត ។

ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តម អ៊ី ឈាន ប្រធានក្រុម ការងារ គណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ មណ្ឌលប៉ៃលិន បានដឹកនាំក្រុមការ ងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយពួកគាត់ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស សរុបជិត ១០០០នាក់ នៅភូមិក្ងោក, ភូមិតាង៉ែនក្រោម, ភូមិស្លា, ភូមិបុស្អំ, ភូមិអណ្តូងថ្ម និងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។

ឯកឧត្តម អ៊ី ឈាន បានលើក ឡើងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលបានរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអស់ រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋម្ដងណានោះទេ ហើយគណបក្ស ប្រជាជន កម្ពុជា បានលះបង់ និងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែ រីក ចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូរ ពី ប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ។

ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យ ហើយនៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយ អាណត្តិ មិនដែលមានគណបក្សណាអាចធ្វើបាននោះឡើយក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ ខាងនយោបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ។

ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែ មាន ការអភិវឌ្ឍន៍រីកចម្រើនថែមទៀត «មានគណបក្សប្រជាជនកម្ពុជា មានសុខ សន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ» ជាពិសេសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនា ពេលអនាគត ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូស សន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់នៅក្នុងសន្លឹកឆ្នោត ដើម្បីបាន បញ្ចេញ នូវឆន្ទះ ក្នុងការគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោតគ្រប់ៗអណត្តិ ៕