Connect with us

ព័ត៌មានជាតិ

ស្រ្តីកើតជំងឺមហារីក មានជីវភាពក្រីក្រ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហម

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យលោក ផេង សិទ្ធី និងលោកជំទាវ ព្រំ វណ្ណា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន លោកស្រី ណែម សុវ៉ែន អាយុ៤០ឆ្នាំ មុខរបអូសរទេះរុញលក់ខ្ចៅ(មហារីកដោះ) ដែលមានប្តីជាកម្មករលីជី មានកូនក្នុងបន្ទុក៤នាក់ និងមានកូនក្នុងផ្ទៃអាយុ៧ខែ មានជីវភាពក្រីក្រ រស់នៅផ្ទះជូលជាមួយម្តាយក្មេក ស្ថិតនៅភូមិកាប់គោថ្មី  សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ លោក ផេង សិទ្ធីបាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចមានក្តីអាណិតអាសូរ និងយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដែលកំពុងជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់លោកស្រី ណែម សុវ៉ែន សូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងសូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមអនុវត្តន៍តាមការបញ្ជាក់បញ្ជារបស់ក្រុមគ្រួពេទ្យអោយបានល្អប្រសើរ ។

ជាមួយគ្នានេះ លោកស្រី ណែម សុវ៉ែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាបាទក្រហមកម្ពុជាខេត្ត ដែលតែងតែបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា អំណោយដែលសាខាផ្តល់ជូនរួមមាន -អង្ករ ១០០គីឡូក្រាម -មី២កេស -ត្រីខ២យួរ -ទឹកត្រី២យួរ -ទឹកស៊ីអ៊ីវ ២យួរ -ត្រីខ២យួរ – ឃីត១កញ្ចប់(មុង ភួយ ក្រមា សារុង ) និងថវិកា ៥០ម៉ឺនរៀលផងដែរ ៕

ដោយ ៖ សាលី