Connect with us

ព័ត៌មានជាតិ

ដំណើរការសាងសង់វិមានឯករាជ្យនៅក្នុងខេត្ដបាត់ដំបងសម្រេច​បាន​ជាង ៩០%ហើយ

បាត់​ដំបង៖​ គម្រោង​សាង​សង់​សួន​ច្បារ​ចន្លោះ​វិមាន​ឯករាជ្យ​ និង​ការ​ដាំ​ដើម​ឈើ​នៅក្នុង​​បរិវេណសួន​សម្តេច​ក្រឡាហោ​​ម​វិមាន​ឯករាជ្យ​ ដើម្បី​កែ​លម្អ​ក្រុង​បាត់​ដំបង​ឱ្យមាន​សោភ​ណ​ភាព​កាន់​តែ​ស្រស់​ស្អា​ត​សម្រេច​បាន​ជាង​ ៩០​ ភាគ​រយ​ហើយ ​ដែល​គ្រោង​នឹង​រួច​រាល់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​​។​

​រដ្ឋបាល​ខេត្ត​បាត់​ដំបង​បាន​រៀបចំ​សាង​សង់​សួន​ច្បារ​ចន្លោះ​វិមាន​ឯករាជ្យ​-​ផ្សារ​រាត្រី ច្រាំង​ស្ទឹង ​ផ្លូវ​ដើ​រ និង​ការ​ដាំ​ដើម​ឈើ​នៅ​បរិវេណ​សួន​សម្តេច​ក្រឡា​ហោម​វិមា​នឯករាជ្យ ​ដើម្បី​កែ​លម្អ​ក្រុង​បាត់​ដំបង​ឱ្យមាន​សោភណ​ភាព​កាន់​តែ​ស្រស់​ស្អាត​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ អភិ​បាល​រង​ខេត្ត​បាត់ដំបង​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៦​ ខែកក្កដា​ថា ពាក់​ព័ន្ធ​នឹង​ការរៀ​បចំ​សួន​ចន្លោះ​វិមាន​ឯក​រាជ្យ និង​ការ​រៀប​ចំ​ដាំ​ដើម​ឈើ​នៅ​បរិវេណ​សួន​សម្តេច​ក្រឡា​ហោម​វិមាន​ឯក​រាជ្យ​នេះ​គឺ​ក្នុង​គោល​បំណង​កែ​ប្រែ​ស្ថាន​ភាព​នៅ​តំបន់​ទាំង​នោះ​ឱ្យ​កាន់​តែ​ស្រស់​ស្អាត និង​ទាក់​ទាញ​ឡើង​វិញ​។​

​លោក​បាន​ប្រាប់​ថា ដោយ​សារ​កាល​ពីមុន​នៅ​តំបន់​ទាំង​នោះ​វា​ជា​កន្លែង​ដែល​អាជី​វក​រប្រមូល​ផ្ដុំគ្នា​ក្នុង​ការ​ប្រកប​មុខរប​រលក់​ម្ហូប​អាហារ​។ ដូច្នេះ​អាជ្ញា​ធរ​ខេត្ត​បាន​ផ្លាស់​ប្ដូរ​កន្លែង​លក់​ម្ហូប​អាហារ​ឱ្យទៅ​ជា​ទីតាំង​ថ្មី​ដោយ​ការ​រៀបចំ​ទីតាំង​ទាំង​នោះ​ឱ្យ​ស្អាត និង​មាន​សណ្ដាប់​ធ្នាប់​ល្អ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ត​រជាតិ ហើយ​ក៏​អាច​ជា​ទីក​ន្លែង​កម្សាន្ត​សប្បាយ​សម្រាប់​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ខេត្ត​ទាំង​មូល​មក​ដើរ​កម្សាន្ត ​និង​ថតរូប​ផង​ដែរ​។

​មួយ​វិ​ញទៀ​ត លោក​ថា កា​ររៀប​ចំ​សួននិង​ការដាំ​ដើម​ឈើ​នេះក៏មាន​គោល​បំណង​ដើម្បី​សម្ដែង​ទៅ​ដល់​ការ​រំឭក​គុណូ​បការៈ​ដ៏​ខ្ពង់​ខ្ពស់​ទៅ​ដល់​ព្រះ​បាទ​នរោត្តម ​សីហនុ ដែល​ទ្រង់​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ជាតិ​ពី​បារាំង ​ហើយ​ក៏បាន​សាង​សង់​វិមាន​ឯករាជ្យ​មួយ​នៅ​ខេត្ត​បាត់​ដំបង​ដើម្បី​ជា​កន្លែង​ដែល​ប្រជា​ពលរដ្ឋ​ទាំង​អស់​ក្នុង​ខេត្ត​បាត់​ដំបង​អាច​ប្រារព្ធ​ពិធី​បុណ្យ ​៩​វិច្ឆិកា​។​

​លោក​សឿ​ម ប៊ុន​រិ​ទ្ធិ បាន​បញ្ជាក់​ថា៖ ​ចំពោះ​ការ​រៀបចំ​សួន​ច្បារ​នៅ​ចន្លោះ​វិមាន​ឯករាជ្យ​ ផ្សារ​រាត្រី ច្រាំ​ង​ស្ទឹង ផ្លូវ​ដើរនិង​ការដាំ​ដើម​ឈើ​នៅ​បរិវេណ​សួន​សម្តេច​ក្រឡា​ហោម​វិមាន​ឯក​រាជ្យ​គឺ​យើង​បានស​ម្រេច​ជាង​៩០ភាគរយហើយ ​ដែល​យើង​អាច​នឹង​​បញ្ចប់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​​។​

​លោក​បន្តថា ចំណែក​ឯ​វិមានឯ​ករាជ្យ​ខេត្ត​បាត់ដំ​បង​វិញគឺ​បាន​សាង​សង់​រួចរាល់​ហើយ ​ប៉ុន្តែ​ប​ច្ចុប្បន្ន​នៅតែ​ការងារ​សម្អាត​និង​លាប​ថ្នាំ​ពណ៌​បន្ដិច​បន្ដួច​ដូច​ទៅនឹង​វិមាន​ឯករាជ្យ​នៅ​រាជ​ធានី​ភ្នំពេញ​ប៉ុណ្ណោះ​ ហើយ​វិមាន​ឯក​រាជ្យ​នេះ ​អាច​នឹង​គ្រោង​សម្ពោធ​នៅ​ក្នុង​ខែ​សីហា​ខាង​មុ​ខ​ ក្រោម​អធិប​តីភា​ព​លោ​ក ស​ ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​។​​