Connect with us

ព័ត៌មានជាតិ

សន្លឹកឆ្នោត ទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈបំរើដល់ការបោះឆ្នោត បានមកដល់ខេត្ដប៉ៃលិនដោយសុវត្ថិភាព

ប៉ៃលិន ៖ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោក ចេង ញ៉ាន់ បានឱ្យដឹងថា ក្រុមការងារ គ ជ ប ខេត្តប៉ៃលិន បានទទួលសម្ភារៈ និងឯកសារសំខាន់ៗ សម្រាប់បំរើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមការពិនិត្យដ៏ត្រឹមត្រូវរបស់មន្ដ្រី គ ជ ប និងកងកម្លាំងការពារដល់ទីតាំង ។

ឯកសារសំខាន់ៗនោះរួមាន បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀត បានមកដល់លេខារដ្ឋានរៀបចំការបោះឆ្នោតខេត្ដ ប្រកបដោយសុខសវត្ថិភាព ហើយក្រុមការងារបានរៀបចំទុកដាក់ និងយាមកាមត្រឹមត្រូវផងដែរ ។

លោកបានឱ្យដឹងទៀតថា នៅថ្ងៃស្អែក សម្ភារៈ និងឯកសារបំរើការបោះឆ្នោតនោះ នឹងដឹកជញ្ជូនទៅកាន់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតទាំង៨ ក្នុងខេត្តប៉ៃលិន បន្ដទៀត ហើយការដឹកជញ្ជូននេះ ក៏មានការសហការពីសមត្ថកិច្ច អាជ្ញាធរដែនដី ដោយបានជួយសម្របសម្រួលធ្វើយ៉ាងណា ឲ្យការដឹកជញ្ជូនសម្ភារៈទាំងអស់នេះ មកដល់កន្លែងយ៉ាងរលូន ។

លោកបានបន្តថា សម្ភារៈដែលទទួលបាននាពេលនេះមាន ៖ សន្លឹកឆ្នោតចំនួន ៥២០០០សន្លឹក, ទឹកខ្មៅលុបលាងមិនជ្រះចំនួន ២៧៦ដប, ត្រាសម្ងាត់ចំនួន ១កេស, បញ្ជីបោះឆ្នោត ១កេស, សឺមីចោះរន្ធជនពិការ ចំនួន ១៧៦សន្លឹក, ក្រដាសទំហំ ៨០ គុណ ១៨០ សង់ទីម៉ែត្រ ១២២សន្លឹក, និងសម្ភារៈផ្សេងៗទៀត ។

លោកបន្ដថា ខេត្តប៉ៃលិន មានឈ្មោះអ្នកបោះឆ្នោតចំនួន ៤៥៧៤០នាក់ និងមានការិយាល័យបោះឆ្នោត១២២ការិយាល័យ និងមានគណបក្សនយោបាយចូលរួមការបោះឆ្នោតមានចំនួន១០គណបក្ស ៕