Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៤

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរ អង្គភាពស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកបញ្ជាក់ថា ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ រីកចម្រើនទៅបាន គឺអាស្រ័យ ពឹង ផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ ជាក់ស្ដែងការអភិវឌ្ឍន៍ប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែល មានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានដាក់ចេញ នូវ គោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំពេលនេះគឺជាការងារដ៏សំខាន់ ដែលមានគោល បំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលចូលថវិកាសម្រាប់ខេត្ត ដែលក្នុងនោះមានកំណត់គោលដៅ អំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ ចំណូលដែលបានពីកម្រៃ នៃការផ្តល់សេវារដ្ឋបាល និង សេវាសាធារណៈផ្សេងៗ ទៀតដែលជាប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្ម មុខងារ ពីក្រសួង ស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ហើយការប្រមូលនេះទៀតសោត ផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ជា ធរមាន និង ត្រូវគ្រោងចំណូលដែលបានប៉ានស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃ មាតិកាថវិកា ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗ ដែល ពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់ប្រភពចំណូល ចូល ជា ថវិកា ខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្ត សំដៅបម្រើប្រយោជន៍ សាធារណៈ ក៏ ដូច ជាប្រជាពលរដ្ឋ អោយបានកាន់តែប្រសើរឡើងថែមទៀត ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការផ្ដល់ឱកាសដល់មន្ទីរ និងអង្គភាព វិស័យ ជំនាញពាក់ព័ន្ធ តាមរយៈការ ប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា ក្នុងការបម្រើសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងទៀត ដែល មានលទ្ធភាពអាចប្រមូលចំណូលចូលថវិការខេត្ត ដែលជាប្រភពចំណូលមិនមែនសារពើពន្ធ ក្នុងនោះមានដូចជា មន្ទីរ សុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរបរិស្ថាន មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដីនគរូប នីយ កម្ម សំណង់ និងសុរិយោដី មន្ទីរសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ៕