Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ចៅ សុធី ដឹកនាំសមាជិក ដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ចៅ សុធី សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជិត ២ពាន់នាក់ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅបរិវេណគណបក្សប្រជាជនកម្ពុជាឃុំកំពង់ព្រះ ។

ឯកឧត្តម ចៅ សុធី បានមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងប្រតិទិនផែនការសកម្មភាពឃោសនា គណបក្សប្រជាជនកម្ពុជាយើងបានប្រារព្ធពិធីមីទ្ទីញបើកយុទ្ធនាការឃោសនាព្រមៗគ្នានៅតាមរាជធានី ខេត្ត ក្រុង ស្រុកទូទាំងប្រទេស នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ និងបានដំណើរការឃោសនានៅគ្រប់សង្កាត់ ឃុំ ភូមិ អស់រយៈពេល ២០ថ្ងៃកន្លងមក ដោយឡែកក្នុងមូលដ្ឋានឃុំកំពង់ព្រះ នៃស្រុកសង្កែ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និង ក្រុមការងារឃោសនាគណបក្សគ្រប់លំដាប់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជាយើង បានយកចិត្តទុកដាក់ចុះឃោសនាដោយមានការប្រមូលផ្តុំតាមក្រុមតូចៗ ចុះតាមខ្នងផ្ទះដើម្បីឃោសនា និងផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ តាមការចង្អុរណែនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ប្រធានគណបក្ស សម្ដេចក្រឡាហោម អនុប្រធានគណបក្ស និងជាអ្នកតំណាង រាស្ត្រមណ្ឌលបាត់ដំបង ។

តាមរយៈសេចក្តីថ្លែងការរបស់ សម្តេចប្រធានគណបក្ស ក្នុងឱកាសបើកយុទ្ធនាការថ្ងៃដំបូង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញអោយឃើញពីការពុះពារយ៉ាងលំបាកសំរាប់ការរស់ឡើងវិញនៃប្រជាជនកម្ពុជា ពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដល់មានសុខសន្តិភាព និងការរីកចម្រើនរហូតដល់សព្វថ្ងៃពិសេសការប្រឈមនៅពេលប្រទេសជួបវិបត្តិកូវីដ១៩ ។

ក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោ ធ្វើអោយប្រទេសមានការរីកចំរើនឥតឈប់ឈរធ្វើអោយប្រទេសជាតិពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍  ជាពិសេសភាពឈ្លាសវៃក្នុងការដឹកនាំប្រទេស របស់សម្ដេចតេជោ ប្រកបដោយគុណតំលៃមិនអាចកាត់ថ្លៃបានក្នុងនាមក្រុមការងារគណ បក្ស ចុះមូលដ្ឋានឃុំកំពង់ព្រះ ស្រុកសង្កែ ពិសេសក្នុងនាមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ មេត្តាទៅបោះឆ្នោតទាំងអស់គ្នា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល ហើយបោះឆ្នោតជូនគណបក្សប្រជាជនដែលមានរូបទេវត្តាបាចផ្កា និងលេខរៀងទី១៨ ទាំងអស់គ្នា ៕
ដោយ ៖ សាលី