Connect with us

ព័ត៌មានជាតិ

រថយន្តក្រុង បុករះម៉ូតូ០៦គ្រឿង បណ្តាលអោយមនុស្ស០៧នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ រថយន្តក្រុងមួយគ្រឿង សង្ស័យតៃកុងងងុយដេក បានរ៉េចង្កូតជ្រុលទៅបុករះម៉ូតូចំនួន០៦គ្រឿង បណ្តាលអោយមនុស្សប្រុសស្រី០៧នាក់ រងរបួសធ្ងន់ស្រាល និងប៉ះពាល់ផ្ទះពលរដ្ឋចំនួន០២ខ្នងផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៤និង៥២នាទី ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែររង្វង់មូលស្រុកថ្មគោល ត្រង់ចំណុចក្រុមទី០៧ ស្ថិតនៅក្នុងភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុង មានបិតស្លាក រដ្ឋបាលរាជធានីភ្នំពេញ ពណ៌បៃតង មួយគ្រឿង ពាក់ផ្លាកលេខ (រដ្ឋ07)3-0114 បើកបរដោយឈ្មោះ ហួម ជន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកំពង់ព្រីង សង្កាត់សាត់ត្បូ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុបានងងុយដេក (ង៉ក់)ក៏ជ្រុលចង្កូតបុករះម៉ូតូចំនួន ២គ្រឿងដែលធ្វើដំណើរក្នុងទិសដៅស្របគ្នានិងបន្តទៅបុកម៉ូតូចំនួន០៤គ្រឿងទៀតដែលចតចោលនិងតាំងលក់នៅមុខហាងបណ្ដាលអោយខូចខាត និងមនុស្សប្រុសស្រី០៧នាក់រងរបួសធ្ងន់ស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែង ធ្វើកំណត់ហេតុដកហូតម៉ូតូ ០៦គ្រឿង និងរថយន្ត ០១គ្រឿង យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី