Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោត នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង

បាត់ដំបង ៖ ក្នុងឱកាសអញ្ជើញមកបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាទូទៅរហូតមកដល់ថ្ងៃនេះ សម្តេចមិនទាន់ទទួលបានព័ត៌មានណាមួយដែលជាឧបសគ្គ ឬជាបញ្ហាប្រឈមកើតឡើងនៅតាមការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជានោះទេ ទាំងសន្តិសុខ និងទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ។

សម្ដេចបន្តថា នៅពេលនេះមានគណបក្សនយោបាយចំនួន១៨ដែលបានចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយក្នុងរយៈពេល ២១ថ្ងៃកន្លងទៅ គណបក្សនយោបាយនានាដែលបានធ្វើសកម្មភាពយ៉ាងផុលផុសស្របតាមច្បាប់បទបញ្ជានីតិវិធីនៃការបោះឆ្នោត ធ្វើអោយគ្មានអំពើហិង្សា ភាពមហន្តរាយ ឬមួយក៏ឧបសគ្គរារាំងដល់ការធ្វើសកម្មភាពរបស់គណបក្សនយោបាយនានាទេ ហើយសម្តេចសង្ឃឹមនិងជឿជាក់ថាថ្ងៃនេះក៏មិនមានអីកើតឡើង ដែលយើងអាចចាត់ទុកថា លទ្ធផលការបោះឆ្នោតនេះស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

ហើយជាចុងក្រោយក្នុងនាមសម្តេចជាប្រធាន គណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត  និងជាសមាជិករដ្ឋាភិបាល សូមអំពាវនាវទៅដល់សមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធសូមបន្តបំពេញបេសកកម្មរបស់ខ្លួនស្របតាមតួរនាទីភារកិច្ច និងច្បាប់បទបញ្ជានៃការបោះឆ្នោត ធ្វើម៉េចអោយការបោះឆ្នោតនេះអាចប្រព្រឹត្តទៅដោយជោគជ័យតាមការព្រៀងទុក ហើយសម្រាប់គណបក្សប្រជាជនគឺបានធ្វើកិច្ចការងារច្រើនរួចមកហើយ ដូច្នេះទុកអោយប្រជាពលរដ្ឋក៏ដូចជាសមាជិកអ្នកគាំទ្រគណបក្សប្រជាជន គឺលោកមានភារកិច្ចបំពេញទៅតាមតួនាទីរបស់ពួកគាត់ ៕
ដោយ ៖ សាលី