Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ចុះពិនិត្យការសាងសង់សួនច្បារ ច្រាំងស្ទឹង ផ្លូវដើរ និងការដាំដើមឈើនៅសួនសម្តេចក្រឡាហោម វិមានឯករាជ្យ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមសខេង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង បានអញ្ជើញចុះពិនិត្យនិងពន្លឿនការសាងសង់សួនច្បារចន្លោះវិមានឯករាជ្យ-ផ្សាររាត្រី ច្រាំងស្ទឹង ផ្លូវដើរ និងការដាំដើមឈើនៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីកែលំអក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ។

នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារនាព្រឹកនេះដែរ ឯកឧត្តម សុខ លូ បានជម្រុញអោយក្រុមជាងធ្វើយ៉ាងណាត្រូវពន្លឿនការងារសាងសង់អោយបានឆាប់រហ័ស ដោយមិនត្រូវរង់ចាំអោយហើយមួយមុខទើបធ្វើមួយមុខនោះទេ គឺត្រូវធ្វើទន្ទឹមគ្នាអោយបានឆាប់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះ និងជួយលើកកម្ពស់សោភ័ណភាពទីក្រុងអោយកាន់តែមានភាពស្រស់ស្អាតផងដែរ ។

បន្ថែមពីនេះឯកឧត្តមក៏បានណែនាំទៅដល់ក្រុមជាងដែលកំពុងធ្វើការងារសាងសង់នេះធ្វើយ៉ាងណាត្រូវអនុវត្តការងារនេះអោយត្រូវតាមស្តង់ដាស្របតាមលក្ខណៈបច្ចេកទេសដើម្បីប្រើប្រាស់បានយូរអង្វែង ៕
ដោយ ៖ សាលី