Connect with us

ព័ត៌មានជាតិ

ប្រកាសតែងតាំងគណៈសង្ឃ វត្តទក្ខិណគង្គារាម “អញ្ចាញ” ស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងគណៈសង្ឃ វត្តទក្ខិណគង្គារាម “វត្តអញ្ចាញ” ស្ថិតក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរង តំណាងឯកឧត្តម អ៊ុំ ត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា បានមានសង្ឃដីកាថា សាសនាព្រះពុទ្ធនៃយើង គឺជា បណ្ដុំកម្រងឬក៏ចង្កោមនៃពាក្យដំបូន្មាន ឱវាទការអប់រំ ប្រៀនប្រដៅ ព្រោះហេតុនេះហើយ ទើបសាសនាត្រូវបានគេចាត់ទុក ជា កត្តាទីមួយ នៃកត្តាទាំងបី គឺ កត្តាសាសនា កត្តាអ្នកដឹកនាំ និងការស់នៅក្នុងសង្គម មាគ៌ានៃមនុស្ស ។ យោងតាមការចាំបាច់ ពុំអាចខ្វះបាន ទៅលើផ្នែកតួនាទី នៃការដឹកនាំក្នុងវត្ត ទើបព្រះមេគណ និងលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានផ្ដល់នូវទំនុកចិត្តយ៉ាងមុតមាំ ចំពោះព្រះចៅអធិការ គ្រូសូតឆ្វេង គ្រូសូត្រស្ដាំ ដែលត្រូវបានប្រកាសតែងតាំងនាពេលនេះ ដោយពិនិត្យឃើញថា ជាបុគ្គលមានវិជ្ជាជីវៈ សមល្មម ជាបុគ្គលមានការតាំងចិត្តជាកណ្ដាល ឧបេក្ខា ស្គាល់បញ្ហាសង្គមជា បុគ្គលវ័យឆ្លាត ក្នុងការរកដំណោះស្រាយ ហើយជាបុគ្គលមានការសណ្តោស ជ្រះថ្លា ទទួលខុសត្រូវខ្ពស់ ។

លោក លី  សារី អភិបាលរង តំណាងឯកឧត្តម អ៊ុំ ត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាម បានចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ដូចជា ៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច មួយវិញទៀត ថ្នាក់ដឹកនាំជាច្រើនរូប សុទ្ធសឹងតែជាអតីតក្មេងវត្ត ដែលទទួលបានការអប់រំ បណ្ដុះបណ្ដាលពីវត្ត ដោយមានព្រះសង្ឃជាគ្រូបាធ្យាយ ។

ក្នុងពិធីនេះដែរលោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់គណៈសង្ឃវត្ត ត្រូវរួមសាមគ្គីជាមួយអាចារ្យ គណៈកម្មការ ដើម្បីបញ្ជៀស នូវអធិករកើតឡើង ធ្វើយ៉ាងណាឲ្យទីអារាម ទទួលបាននូវសុខសន្តិភាព ចេះគិតអំពីជីវិតរបស់ខ្លួន ត្រូវយល់ច្បាស់ អំពីអំពើល្អ អំពើអាក្រក់ វាចាកអំពើឧបាយមុខផ្សេងៗ ជាមនុស្សផ្ដល់នូវចំណេះដឹង និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់នេនតូចៗ ៕