Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកសង្កែ អំពាវនាវដល់ពលរដ្ឋ ពិសេសសហគមន៍នេសាទភូមិ និងអ្នកពាក់ព័ន្ធជួយការពារកុំអោយមានអ្នកឆក់ត្រី

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ រួមជាមួយលោក ហេង ស៊ីថា មេឃុំកំពង់ព្រះ និងមន្ត្រីពាក់ព័ន្ធ រួមទាំងសិស្សានុសិស្សជាច្រើននាក់ បាននាំយកកូនឬស្សីផ្អែមចំនួន ២០០ដើម ដាំនៅបឹងអភិរក្ស ចំណុចបឹងវែង ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ បានអោយដឹងថា ក្នុងឃុំកំពង់ព្រះ គឺមាន បឹងអភិរក្សចំនួន០២កន្លែង ដែលបឹងទីមួយនៅចំណុចបឹងប្រាំងចុងរាមតាក្រី និងបឹងទីពីរនៅចំណុចបឹងវែងនេះ ដែលមានទំហំ ២០០ម៉ែត្រ គុណនឹង៥០០ម៉ែត្រ ដែលកំពុងរៀបចំដាំកូនឈើឬស្សីផ្អែមនាពេលនេះ ។

ជាមួយគ្នានេះលោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានមានប្រសាសន៍ថា រយៈពេលពីរឆ្នាំទៅមុខ នៅទីនេះនឹងក្លាយជាតំបន់ធម្មជាតិ ក្លាយជាព្រៃឬស្សី និងបានទាក់ទាញនូវការអភិរក្សពូជត្រីដែលមានបឹងខ្ទង់១០ហិចតា ហើយនិងមានព្រៃឬស្សីទៀតដែលយើងអាចទាញផលពីឬស្សីបានជាទំពាំង បានជាឬស្សី ដូច្នេះសូមកោតសរសើរទៅដល់ក្រុមប្រឹក្សាឃុំ ពិសេសលោក ហេង ស៊ីថា ដែលបានផ្តួចផ្តើមជាមួយនិងជលផល បានខិតខំស្វះស្វែងរកថវិកាលើកជាផ្លូវ សង់ជារោង បំពាក់ទាំងភ្លើងសូឡា និងបាននាំយកកូនឬស្សីផ្អែមចំនួន ២០០ដើមមកដាំផងដែរ ។

បន្ថែមពីនេះ លោកអភិបាលស្រុកក៏បានអំពាវនាវទៅដល់ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋ ពិសេសសហគមន៍នេសាទភូមិ ប្រជាការពារ និងអ្នកពាក់ព័ន្ធដែលនៅក្នុងទីនេះទាំងអស់សូមជួយការពារហាមកុំអោយមានអ្នកឆក់ត្រីព្រោះអាចផ្តន្ទាទោសជាប់ពន្ធនាគារ ព្រោះការប្រកបរបរឆក់ត្រីជាអំពើមួយដែលខុសច្បាប់ត្រូវបានហាមឃាត់ជាដាច់ខាត ៕
ដោយ ៖ សាលី