Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង បង្កឲ្យផ្នែកខ្លះក្នុងស្រុកសំឡូត មានទឹកហូរកាត់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ

បាត់ដំបង ៖ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់យ៉ាងគំហុកបណ្តាលឲ្យនៅតំបន់វាលស្រែតាសែម ក្នុងឃុំសំឡូត ស្រុកសំឡូត ទឹកបានកើនឡើងខ្ពស់និងបានហូរកាត់ផ្លូវមួយចំនួនប៉ុន្តែបានស្រកធូរស្រាលទៅវិញនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ។

លោក សើរ សាម៉េត អភិបាលស្រុកសំឡូតបានបញ្ជាក់ឲ្យដឹងដែរថា ភ្លៀងខ្លាំងបង្កឲ្យមានទឹកហូរកាត់ផ្លូវ និងលើស្ពានតាតោក ក្នុងឃុំសំឡូតបានស្រកចុះវិញហើយក្រោយផ្ទៃមេឃរាំងភ្លៀងបានរយ:ពេល ២ម៉ោង ដោយមិនបណ្តាលអោយប៉ះពាល់ដល់ដំណាំ ឬខូចខាតផ្លូវថ្នល់ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋឡើយ ហើយចំពោះមុខទឹកភ្លៀងបានហូរស្រុងចាក់ចូលទៅក្នុងស្ទឹងតាតោកអស់ហើយ ហើយទឹកក្នុងស្ទឹងក៏បានកើនឡើងខ្ពស់ហូរធ្លាក់ទៅកាន់ផ្នែកខាងក្រោមបន្តទៀត តែមិនទាន់មានការគាត់សម្គាល់ និងព្រួយបារម្ភឡើយ ។

លោកបានបន្តថា ក្នុងនាមលោកជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលស្រុកលោកបានណែនាំដល់គ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង ៧ ឲ្យត្រៀមទាំងកម្លាំង និងសម្ភារ:សម្រាប់អន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យបានឆាប់បំផុតក្នុងករណីមានទឹកជំនន់ជាយថាហេតុកើតឡើងណាមួយ ៕
ដោយ ៖ សាលី