Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ប្រគេនទៀនព្រះវស្សា ជូនព្រះសង្ឃ គង់ចាំព្រះវស្សា ២៣វត្ត ក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បាននាំយកទៀនព្រះវស្សា រួមទាំងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង២៣ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ការនាំទៀនព្រះវស្សានេះ ប្រព្រឹត្តទៅរួមគ្នា នៅទីតាំងវត្តពោធិវាលថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្ត លោក លោកស្រីមន្រ្តីរាជការ  និងសហការី ព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជាស្ទើរគ្រប់វិស័យ ដូច្នេះការនាំយកទៀនព្រះវស្សា និង ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ នាពេលនេះ គឺជាការចូលរួមចំណែកមួយ សម្រាប់ជួយសម្រួលផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសដែលមានរយៈពេលបីខែ ។

ឯកឧត្តម ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់លោកយាយ លោកតា និងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ទាំងអស់ដែលកន្លងមក បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះយ៉ាងភ្លុកទឹកភ្លូកដី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាតិកាលទី៧ នេះ ។

សូមបញ្ជាក់ថា ទេយ្យវត្ថុ និងទៀនព្រះវស្សា ដែលយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង២៣វត្តខាងលើ ក្នុង១វត្ត ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម, មី ៥កេះ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ទឹកបរិសុទ្ធវីតាល់ដបធំ២កេស, ស្លាដក់ ២, ទៀនវស្សាមួយគូ និងថវិកា ៦០ម៉ឺនរៀល ។ ដោយឡែក យាយជីតាជី និងប្រជាពុទ្ធបរិស័ទជាង ២០០នាក់ ទទួលបានសារុងម្នាក់មួយផងដែរ ៕