Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណៈការ លាបថ្នាំរបាំងថ្មពុះចែកទ្រូងផ្លូវលេខ៥ ដើម្បី​​ឲ្យ​អ្នកធ្វើ​ដំណើរ​ងាយស្រួល​ ក្នុងពេលបើកបរ

ភ្នំពេញ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា គំនូសសញ្ញាចរាចរណ៍ ការខូចខាតផ្លូវការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។

ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សកម្មភាពលាបថ្នាំបេតុងពុះចែកទ្រូងផ្លូវ និង លាប​គំនូស​ចរាចរណ៍​ តាមបណ្ដោយផ្លូវលេខ៥ ​ត្រង់​ចំណុច​ក្រោមស្ពានជ្រោយចង្វារ ​រហូត​ដល់​គល់​ស្ពាន​ប៉ាឡេ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ​ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរនៅតាមបណ្ដោយផ្លូវលេខ៥នេះ ​គំនូស​ចរាចរ​ និង​បេតុងពុះចែកទ្រូងផ្លូវ ថ្នាំពណ៌​ចំណាំង​ផ្លាត​រលប់​បាត់មើលមិនច្បាស់ ​បង្កឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ពិបាកធ្វើដំណើរ​ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយកត្ដាផ្លូវថ្នល់មួយចំនួនផងដែរ។

ដូចនេះ មន្ទីរសាធារណៈការរាជធានីភ្នំពេញ​ បានបន្ត​ជួសជុល ​និងលាបពណ៌​គំនូស​ចរាចរ បង្ហើយ​ការងារ ​ដើម្បី​ដាក់ជូន​បងប្អូន​ប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល​ មិនបង្កការកកស្ទះ និង​បង្កគ្រោះថ្នាក់​ចរាចរណ៍នាពេល​យប់​ញឹកញាប់​ដូច​ពេលកន្លងមក៕