Connect with us

សន្តិសុខ និង សង្គម

ឃាត់ខ្លួនបុរសម្នាក់ ក្រោយប្រើខ្វែវកាប់ស្ត្រីម្នាក់ ស្លាប់ដោយសាររឿងគំនុំ

បាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលស្រុកបវេលឃាត់ខ្លួន បន្ទាប់ពីទាញខ្វែងកាប់ទៅលើស្ត្រីចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ ព្រោះតែខឹងពូកែស្តីបន្ទោស ឲ្យម្តាយខ្លួនញឹកញាប់ពេក ។

សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍គួរអោយរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៧និង៤០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ចំណែកជនរងគ្រោះឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅផ្ទះក្បែរគ្នា ក្នុងភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចបន្តថា យោងតាមចម្លើយសារភាព របស់ជនបង្កបញ្ជាក់ថា មូលហេតុដែលខ្លួនបង្ខំចិត្ត ទាញកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតដោយសារ ស្ត្រីចំណាស់ជាជនរងគ្រោះតែងតែមាក់ងាយ និងស្តីបន្ទោសឲ្យម្តាយរបស់ខ្លួន ជាបន្តបន្ទាប់ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានបន្តស្តីបន្ទោសជាថ្មីទៀតទើបអត់ទ្រាំមិនបាន ខ្លួនបានទាញកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ផ្ទួនៗ ត្រង់កញ្ចឹងក ត្រង់ស្មាខាងឆ្វេង និងម្រាមដៃខាងស្តាំមួយកាំបិតទៀត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅខាងក្រោយផ្ទះជនរងគ្រោះតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅកាន់តុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី