Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ៖ គ្រឿងញៀនជាឆ្អឹងរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា គ្រឿងញៀនជាឆ្អឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ គ្រាដែលធនធានមនុស្សងុបងល់វង្វេងស្រវឹងនិងគ្រឿងញៀន។ដូច្នេះអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ មេប៉ុស្តិត្រូវបង្កើនការបង្ការផ្សព្វផ្សាយឱ្យទូលំទូលាយនិងបញ្ច្រាបឱ្យចូលជ្រៅដល់ឬសគល់ភូមិនិងដល់ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មានការយល់ដឹងខ្ពស់ពីហានិភ័យនៃការប៉ះពាល់និងប្រើប្រាស់គ្រឿងញៀន។

លោកថា មេឃុំ ចៅសង្កាត់ មេប៉ុស្តិកុំធុញនិងការផ្សព្វផ្សាយ កុំចាំទាល់តែវាកើតជាបទល្មើសទើបបង្ក្រាប ព្រោះការបង្ក្រាបក៏វាហុចនូវផលអាក្រក់និងហានិភ័យដល់សមត្ថកិច្ចអ្នកអនុវត្តផងដែរ។ពេលខ្លះអ្នកប្រព្រឹត្តិបទល្មើសក៏វាមានអាវុធសម្រាប់តបតជាមួយសមត្ថកិច្ច ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់រងគ្រោះដោយការតបតនេះដែរ ដែលមានពេលខ្លះសមត្ថកិច្ចត្រូវបាត់បង់ជីវិតពេលកំពុងបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ។