Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងវត្ថុតាងពាក់ព័ន្ធករណីអំពើលួច

បាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២ និង១០នាទី មានករណីអំពើលួច (រទេះរុញ, សម្ភារៈផ្ទះបាយ, ខ្សែរភ្លើង ) កើតឡើងចំនួន ០១ករណីនៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ រិន ចាន់រឿន ភេទស្រី អាយុ៣៧ឆ្នាំ និងឈ្មោះ រិន ម៉ាលី ភេទប្រុស អាយុ ៣៤ឆ្នាំ អ្នកទាំងពីរមានទីលំនៅចំណុចកើតហេតុ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះជនរងគ្រោះ ឈ្មោះ រិន ម៉ាលី (ម្ចាស់ផ្ទះមិននៅទៅធ្វើការនៅប្រទេសថៃ) ត្រូវជាក្មួយរបស់ឈ្មោះ រិន ចាន់រឿន ហើយចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បតិ្តជនរងគ្រោះទាំងពីរនាក់រួមមាន ៖ ខ្សែរភ្លើង, កំសៀវដាំទឹកអគ្គីសនី, ធុងទឹកជ័រពណ៌ខ្មៅ, កន្ត្រកពណ៌ក្រហម ខ្ទះឆាអគ្គីសនី, រទេះរុញ និងសម្ភារៈរបស់របរប្រើប្រាស់មួយចំនួនទៀត យកទៅបាត់  ។

បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ណុប វាសនា ហៅស្នា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ២-ឈ្មោះ រុន ម៉ាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង (បក្សពួក) ដកហូតវត្ថុតាងរួមមាន៖ ១-កាំបិតខ្វែវដងឈើចំនួន០១, ២-កន្ត្រៃកាត់ចំនួ០១, ៣-ដែកកាប់ចំនួន០២, ៤-ខ្សែរភ្លើងពណ៌សចំនួន០២ដុំតូច, ៥-ផ្លែរណាចំនួន០២, ៦-ពូថៅដងឈើចំនួន០១, ៧-ផ្លែពូរថៅចំនួន០១, ៨-កណ្តៀវដងដែកចំនួន០១, ៩-កូនកាំបិតចំនួន០២, ១០-ផ្លែកាំបិតផ្គាក់ចំនួន០១, ១១-កាំបិតតាំងតោដងឈើចំនួន០១, ១២-ដែកទុលវីសចំនួន០២, ១៣-កាំបិតកែច្នៃដងឈើចំនួន០១, ១៤-ឆ្នាំដាំបាយអគ្គីសនីចំនួន០១, ១៥-ខ្ទះឆាអគ្គីសនីចំនួន០១, ១៦-កន្ត្រៃចំនួន០៣, ១៧-សោលេខ១៣ និងលេខ២៤ ចំនួន០២, ១៨-ធុងទឹកកកចំនួន០២, ១៩-កំសៀវដាំទឹកចំនួន០១, ១៩-ធុងជ័រដាក់ទឹកពណ៌ខ្មៅចំនួន០១, ២០-ចង្ក្រានហ្គាសចំនួន០១, ២១-ឆ្នាំងចំនួន០១, ២២-រទេះអូសចំនួន០១, ២៣-កន្ត្រកពណ៌ក្រហមចំនួន០១ បាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង ៥០នាទី នៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ចូនមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

តាមចម្លើយសារភាព ជនសង្ស័យឈ្មោះណុប វាសនា ហៅស្នា បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទ្វារផ្ទះជនរងគ្រោះខាងលើ ហើយចូលទៅក្នុងផ្ទះលួចយករបស់របរ រទេះរុញ, សម្ភារៈផ្ទះបាយ, ខ្សែរភ្លើង និងសម្ភារៈជាច្រើនទៀត ពិតប្រាកដមែន ពេលលួចបានហើយខ្លួនក៏បានយកខ្សែរភ្លើងដុតយកសំណស្ពាន់ យកទៅលក់នៅកន្លែងទិញលក់អេតចាយ បានប្រាក់យកទៅទិញគ្រឿងញៀនជក់ជាមួយឈ្មោះ រុន ម៉ាប់ ពិតប្រាកដមែន។