Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ករណីរំលោភលើទំនុកចិត្ត

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការក្រុង ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកបន្តថា ក្រោយសាកសួរជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានយកប្រាក់ថ្លៃទូទាត់គ្រឿងសំណង់ពីអតិថិជនចំនួន០៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤,៥$(ប្រាំមួយពាន់ ប្រាំរយសាមសិបបួនដុល្លា ក្បៀសប្រាំសេន) ហើយយកទៅលេងល្បែង និងស៊ីចាយអស់ ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕