Connect with us

ព័ត៌មានជាតិ

រថយន្តថៃល័រ បែកកង់រ៉េចង្កូតបុកម៉ូតូ ពេញទំហឹងបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ក្មេងប្រុសម្នាក់ (មានវីដេអូ)

បន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បានស្លាប់ និងក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កដោយរថយន្ដថៃល័រ បែកកង់មុខ រ៉េចង្កូតទៅបុក ម៉ូតូពេញទំហឹងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិ សាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមអ្នកឃើញហេតុការណ៍ និងរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព បានអោយដឹងថា មុនគ្រោះថ្នាក់ចរាចរ កើតឡើង គេឃើញមានស្រ្តីម្នាក់ បានជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Z-6300 បានឌុបកូនប្រុស និងវ៉ាលី១ ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុ ស្រាបតែមានរថយន្តធុនធំក្បាលរថយន្តពាក់ស្លាកលេខ AT22.32019 ដែលជារថយន្តសណ្តោងរម៉ក (ថៃល័រ) ពាក់ស្លាកលេខកណ្តាល 4A.0322 បើកបរក្នុងទិសដៅច្រាសគ្នា បានបែកកង់មុខខាងឆ្វេង រ៉េចង្កូតទៅបុកអ្នកជិះម៉ូតូម្តាយនិងកូនប្រុស ពេញទំហឹង កិនស្លាប់ម្ដាយនឹងកន្លែង ចំណែកកូនប្រុសរបួសធ្ងន់ ត្រូវបាននាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ បានមកសម្រួលចរាចរណ៍ និងធ្វើការវាស់វែងបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ ចរាចរណ៍កើតឡើងបង្កដោយរថយន្ត ធុនធំបើកបរលឿនបែកកង់មុខ ខាងឆ្វេងរ៉េចង្កូតទៅបុកអ្នកជិះ ម៉ូតូបណ្តាលស្លាប់ម្នាក់ និងក្មេងប្រុសម្នាក់របួសធ្ងន់ ដែលមានវ៉ាលី១ មានខោអាវនិងកាបូបតូចក្នុងនោះ មានលុយបាតប្រមានជិត៥០ម៉ឺនបាត និងខ្សែករមាស២ខ្សែ និងសម្ភារៈមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ រក្សាទុកជូនដល់ សាច់ញាតិ ពេលមកទទួលយកសាកសព ។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការតាមច្បាប់ ៕