Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនពិរុទ្ធជន០១នាក់ តាមដីកាចោទពីបទសមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

(បាត់ដំបង) យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលា ម៉ោង ១៥និង០០នាទី ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២៣ លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១២៨ ត.ព្រ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោកស្រី ហៃ ណៃហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ជាប់ចោទពីបទ សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ពិរុទ្ធជនត្រូវបានចាប់ខ្លួនឈ្មោះ ឈន ឈុនដែន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់ចោទពីបទ សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខហាងលក់គ្រឿងអគ្គិសនី ស្ថិតនៅភូមិ ២០ឧសភា សង្កាត់ស្វាយប៉ា ក្រុងបាត់ដំបង កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញាតិ្ដមាត្រា២៧ និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីចាប់ខ្លួនពិរុទ្ធជនខាងលើបច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញកំពុងអនុវត្តបន្តតាមនីតិវិធី៕