Connect with us

ព័ត៌មានជាតិ

នគរបាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លើងកែឆ្នៃ៤ដើម និងថ្នាំញៀន៤៦គ្រាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យពីរនាក់ ជាមួយអាវុធកែឆ្នៃ និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន​ បានអោយដឹងថា អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើស ព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ។

ជាលទ្ធផល លោកបានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវ និងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន ៖ ១-ឈ្មោះ អូ ទាវ​ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកេីត​ ឃុំរលួស​ ស្រុកស្វាយចេក​ ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ ។ ២-ឈ្មោះ​ ឡុន សុលី​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ទីលំនៅភូមិគោករកា​ ឃុំតាបែន​ ស្រុកស្វាយចេក​ ។

ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជាលទ្ធផលកម្លាំងនគរបាលយើង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា ៖ កូនជញ្ជីងចំនួន២, កាំភ្លើងខ្លីកែឆ្នៃ ចំនួន១, កាំភ្លើងវែងកែឆ្នៃចំនួន ៣ដើម, គ្រាប់កាំភ្លើង អាកា ចំនួន៩គ្រាប់ និងបង់ចំនួន១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​, បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២, សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០ ។

ក្រោយសួនាំ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕