Connect with us

ព័ត៌មានជាតិ

ជនជាតិថៃម្នាក់ បន្លំលួចទំនិញក្នុងហាង ពេលម្ចាស់ទាន់ វាយម្ចាស់ឲ្យរបួស តែត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានជួយឃាត់ខ្លួនជនជាតិថៃ ១នាក់ ក្នុងចំណោម២នាក់ ក្រោយធ្វើសកម្មភាព លួចទំនិញក្នុងហាង ឡុងសេងលី ត្រូវម្ចាស់ហាងទាន់តដៃវាយម្ចាស់ហាង បណ្តាលឲ្យរងរបួសបម្រុងគេចខ្លួន ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ ស្រាប់តែមានបក្ខពួក៦នាក់ផ្សេងទៀត បម្រុងមករំដោះ តែមិនអាចជួយបាន ក៏នាំគ្នាទៅវិញ ។

ហេតុការនេះកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមការរៀបរាប់របស់ម្ចាស់ហាងឡុងសេងលី បានឲ្យដឹងថា ជនជាតិថៃ២នាក់ បានចូលក្នុងហាង លក់ទំនិញ ហើយក៏ធ្វើសកម្មភាពលួចទំនិញ លោកឃើញក៏ស្ទះទៅចាប់ តែត្រូវបានជនជាតិថៃ២នាក់ បានព្រួតវាយ ទៅលើលោកវិញតែសំណាងត្រូវ បានអ្នកជិតខាងឃើញសម្រុកទៅជួយ ចាប់បាន១នាក់ និងម្នាក់ទៀតរត់គេច ខ្លួនបាត់ភ្លាមៗ ឃើញក្រុមបក្ខពួក ជនជាតិ៦នាក់ ជិះម៉ូតូមកដល់មុខហាង បម្រុងរំដោះជនជាតិនោះ តែត្រូវប្រជាពលរដ្ឋឆោមរោមបាននាំគ្នាជិះម៉ូតូទៅវិញ ។

ម្ចាស់ហាងបានបញ្ជាក់ទៀតថា ជនជាតិ ថៃ២នាក់នេះរយៈពេលកន្លងមកធ្លាប់ បានធ្វើសកម្មភាពលួចទំនិញក្នុងហាង ដែលជាប់កាមេរ៉ាសុវត្តិភាពម្ដងហើយ ទើបឃើញមុខចូលមកលួចម្ដងទៀត បានស្ទុះទៅឃាត់ពួកវាបម្រុងយកអីវ៉ាន់ ចេញមិនអោយលុយតែត្រូវពួកវាវាយតបវិញ ។ ម្ចាស់ហាងអគុណចំពោះទឹកចិត្ត បងប្អូនជិតខាងបានជួយ អន្តរាគមន៍ចាប់បានម្នាក់ប្រគល់ជូន មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានឲ្យដឹងថា ក្រោយពេលដែលឃាត់ជនជាតិម្នាក់ ក្នុងចំណោម២នាក់ សមត្ថកិច្ចកំពុងរកចាប់ខ្លួនម្នាក់ទៀត ដែលរត់គេចខ្លួនដើម្បីចាត់ការតាមច្បាប់ ៕