Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រគល់ម៉ូតូកង់បី ដល់រដ្ឋបាលក្រុងប៉ៃលិន និង រដ្ឋបាលស្រុកសាលាក្រៅ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូកង់បី ចំនួន២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងគណៈបញ្ជាការឯកភាព និងបម្រើដល់ផលប្រយោជន៍សាធារណៈ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកដល់អភិបាលក្រុង/ស្រុក ត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេរឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
លោកជំទាវ បានមានប្រសាសន៍លើកឡើងថា៖ ការផ្ដល់ជូនម៉ូតូកង់បីដែលជាអំណោយរបស់លោកស្រី និងលោក អ៊ី ឈាន នាពេលនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវមធ្យោបាយធ្វើការងារ ដល់រដ្ឋបាលក្រុង/ស្រុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឯកភាព ជាពិសេសបម្រើដល់ផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកជំទាវ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ ដល់រដ្ឋបាលក្រុង/ស្រុក ដែលទទួលបាន ម៉ូតូកង់បីនេះ ត្រូវចេះថែរក្សា និងប្រើប្រាស់អោយចំគោលដៅ ដើម្បីធានាដល់ការប្រើប្រាស់ឲ្យបានគង់វង្ស និងយូរអង្វែង ដោយធ្វើយ៉ាងប្រើប្រាស់អោយអស់ពីលទ្ធភាព សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕