Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាទីតាំងនេសាទខុសច្បាប់ ជាច្រើនកន្លែង ក្នុងស្រុកព្រែកប្រសព្វ

ក្រចេះ ៖ ទីតាំងនេសាទខុសច្បាប់ ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចុះបង្ក្រាបដកហូត និងបំផ្លាញចោលឧបករណ៍នេសាទជាច្រើន ។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីជំនាញជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុមប្រឹក្សាឃុំចំបក់ និងឃុំឫស្សីកែវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារភូមិ សរុបចំនួន១០នាក់ ដឹកនាំដោកលោក ម៉ុក ពន្លក នាយខណ្ឌជលផលខេត្ត ដោយបានប្រើទូកម៉ាស៊ីន ចំនួន៣គ្រឿង ចុះបង្ក្រាបបទល្មើសជលផល នៅតាមកន្លែងដីទំនាបស្រែលិចទឹក គឺ បឹងក្បាលខ្មោច ក្នុងភូមិចំបក់១-ចំបក់២ ឃុំចំបក់ និងភូមិស្វាយជុំ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ជាលទ្ធផល សមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ ជាច្រើនដូចជា ៖ របាំងស្បៃមុងចំនួន២២ខ្សែ ប្រវែង២៥០០ម៉ែត្រ, លូស្បៃមុងចំនួន២៦មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន២៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ៤៥០គីឡូក្រាម ចូលក្នុងដែនទឹកធម្មជាតិវិញ ។

ក្រោយរុះរើ ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង ៕